(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមទូរទស្សន៍ជាតិកម្ពុជា នឹងបណ្ដាញផ្លូវការមួយចំនួន ។

តាមសេចក្តីជូនដំណឹងស្តីពី ការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោត នឹងធ្វើឡើងចាប់ពីម៉ោង ១:០០រសៀល តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

- ទូរទស្សន៍ជាតិកម្ពុជា (ទទក)
- វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP
- គេហទំព័រ គ.ជ.ប៖ www.nec.gov.kh និង electresult.nec.gov.kh
- កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News
- Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
- YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ជាមួយនឹងតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ និងទទួលបានពីគ្រប់ភាគី ពិសេសបណ្ដាគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត។

ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋ រហូតដល់ ៨០.១៩ភាគរយ ស្មើនឹងប្រជាពលរដ្ឋ ចំនួន ៧,៣៨២,៤៤៩នាក់ បានចេញទៅបោះឆ្នោតក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី ៩,២០៥,៦៨១លាននាក់ ខណៈដែលលទ្ធផលបណ្ដោះអាសន្ន បានបង្ហាញថា មានគណបក្សចំនួន ៩ អាចទទួលអាសនៈក្នុងការបោះឆ្នោតលើកនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងឃុំសង្កាត់ស្ទើរតែទាំងស្រុង៕