(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក្រោមការសម្របសម្រួលពីលោក រ៉ា ប៉ូរ៉ាន់នី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ដែលបានចូលកាប់ទន្រ្ទានហ៊ុព័ទ្ធយកដីរបស់រដ្ឋ ក្រោយរាជរដ្ឋាភិបាលផ្ដល់សិទ្ធិវិនិយោគ សម្បទានដីសេដ្ឋកិច្ច ជូនក្រុមហ៊ុន ស៊ី អេច ភី ប៊ី មានទីតាំងស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។

លោក កៅ ម៉ាឌីឡែន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះថា លោកបានពន្យល់ណែនាំដល់ប្រជាពលរដ្ឋប្រមាណ៦០គ្រួសារ ដែលត្រូវបានមេខ្យល់ឃោសនាកៀរគរ អូសទាញឱ្យចូលទន្ទ្រានហ៊ុព័ទ្ធបោះបង្គោលយកដីរដ្ឋ នៅក្នុងក្រវ៉ាត់ព្រំដីដែលបានកាយរួចយ៉ាងអនាធិបតេយ្យ។

នាឱកាសនោះ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវបញ្ឈប់សកម្មភាពបោះ បង្គោលហ៊ុព័ទ្ធយកដីរដ្ឋដោយខុសច្បាប់ បន្តទៀតដោយទីតាំងដីនេះ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុន CHPB ជាដីសម្បទានសេដ្ឋកិច្ចរួចហើយ។

លោកបានបញ្ជាក់បន្ថែមទៀតថា បើបងប្អូនណាខ្វះខាតដី ឬអត់ដីហើយបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈអាជ្ញាធរកន្លងមក ក្រុមការងារនឹងពិនិត្យនីតិវិធីច្បាប់ជូនបងប្អូន ប៉ុន្តែបងប្អូនមិនត្រូវចូលមកកាប់ ទន្ទ្រានយកដីដោយខ្លួនឯង ឬតាមការអូសទាញរបស់មេខ្យល់នោះទេ គឺជារឿងខុសច្បាប់ ដូច្នេះសូមបងប្អូនត្រូវបញ្ឈប់ជាបន្ទាន់ទុកពេលឱ្យក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង រួចលើកសំណើជូនលោកអភិបាលខេត្ត ដើម្បីពិនិត្យដោះស្រាយជូនបងប្អូនតាមនីតិវិធី៕