(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មន្ត្រីជំនាញកម្ពុជា និងអង្គការពាក់ព័ន្ធបាននឹងកំពុងចងក្រង និងរៀបចំចងក្រងឯកសារដើម្បីស្នើសុំដាក់តំបន់ការពារអន្លង់សត្វផ្សោត នៅព្រែកកាំពី ចាប់ពីខេត្ដក្រចេះ ដល់ ខេត្ដស្ទឹងត្រែង ទៅក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូណេស្កូ ស្របគ្នានឹងសំណើដាក់តំបន់ការពារធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារផងដែរ។

ជាមួយគ្នានេះដែរ លោកបានបង្ហើបថា ខណៈតំបន់ចំនួន៣ទៀត រួមមាន៖ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ ឧទ្យានជាតិជួរភ្នំក្រវាញ និងភ្នំណាមលាវ ខេត្តមណ្ឌលគិរី មិនទាន់ទទួលបានការពិចារណានៅឡើយ។

ការឱ្យដឹងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ នៅខេត្តក្រចេះ កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត និងអង្គការដៃគូផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កាលដែលខ្ញុំអំពាវនាវរបៀបនេះ ក៏ជាក្របខ័ណ្ឌមួយដើម្បីបង្កើតសុវត្ថិភាព ទៅដល់សត្វផ្សោតនៅក្នុងទឹក ពីព្រោះថាសត្វផ្សោតជាតម្លៃសកលមួយ ដែលយើងកំពុង តែខិតខំក្នុងការបង្កើនតម្លៃ សម្រាប់ការស្នើសុំដាក់ជាបញ្ជីត្រៀមទៅអង្គការយូណេស្កូ ជាបញ្ជីបេតិកភណ្ឌធម្មជាតិ សម្រាប់អង្គការយូណេស្កូ។ អញ្ចឹងបើធនធានដែលនៅក្នុងនេះ ដែលជាសត្វផ្សោតទឹកសាប គឺជាតម្លៃសកលមួយដែលយើងត្រូវការការពារ និងអភិរក្ស បើយើងបាត់បង់នោះវានឹងធ្វើឱ្យតម្លៃនៃតំបន់នេះវាធ្លាក់ចុះ អញ្ចឹងយើងនឹងមិនអាចតស៊ូមតិក្នុងការស្នើសុំដាក់បានទេ»

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ដើម្បីឱ្យតំបន់ការពារអន្លង់សត្វផ្សោត នៅព្រែកកាំពីក្នុងខេត្តក្រចេះ សាកសមនឹងតម្លៃជាសម្បត្តិបេតិកភណ្ឌពិភពលោក សូមប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម ក្នុងការពារ និងអភិរក្ស ព្រមទាំងទប់ស្កាត់កុំឱ្យមានការចូលនេសាទខុសច្បាប់ ជាពិសេសការប្រើប្រាស់មង និងឧបករណ៍ឆក់គ្រប់ប្រភេទ នៅក្នុងតំបន់អន្លង់ផ្សោត ដែលបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គ បាត់បង់ជីវិតជាដើម។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា៖ «តំបន់សត្វផ្សោតទន្លេមេគង្គ ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង គឺជាតំបន់ដែលត្រូវបានកំណត់ នៅក្នុងបញ្ជីអាទិភាពចំនួន២ ក្នុងនោះបន្ថែមដោយតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងតំបន់អភិរក្សសត្វផ្សោត និងតំបន់ដែលនៅជុំវិញទន្លេមគង្គ ដែលជាកន្លែងជម្រកសត្វផ្សោត ដែលនេះត្រូវបានដាក់ក្នុងបញ្ជី២ ដែលយើងកំពុងរកតម្លៃសកល សម្រាប់ការរៀបចំនូវឯកសារដាក់ជូនអង្គការយូណេស្កូ»

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់អភិរក្សអន្លង់ផ្សោតព្រែកកាំពី គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលសម្បូរដោយធនធានចម្រុះ រួមមាន៖ សត្វផ្សោត ពូជត្រីកម្រដូចជាត្រីគល់រាំង បបែលយក្ស សត្វស្លាបកម្រដូចជារំពេទន្លេ ត្រយងយក្ស ត្មាត កន្ធាយក្បាលកង្កែប តំបន់ព្រៃលិចទឹក និងកោះ ដែលផ្តល់ភាពសុខសានដល់ពពួកសត្វក្ដាន់ ទន្សោង និងមច្ឆជាតិជាង ៨០០ប្រភេទផ្សេងទៀត។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបង្ហាញក្តីសង្ឃឹមបន្ថែមថា ចំពោះការស្នើបញ្ចូលតំបន់ធម្មជាតិកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោកនេះ មានផលប្រយោជន៍ច្រើនណាស់ គឺធ្វើឱ្យពិភពលោកនឹងចាប់អារម្មណ៍មកលើតំបន់ទាំងនេះ ហើយពិភពលោកនឹងធ្វើឱ្យភ្ញៀវទេសចរនានានៅជុំវិញពិភពលោកនឹងមកលេងកម្សាន្តនៅតំបន់ទាំងនេះច្រើនឡើងៗ ដែលជាផ្នែកមួយយ៉ាងសំខាន់បង្កើនចំណូលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានជំរុញកិច្ចការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីនៅតំបន់ការពារអន្លង់សត្វផ្សោត ចាប់ពីព្រែកកាំពី ខេត្តក្រចេះ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ដោយសារវាមានគុណតម្លៃផ្នែកធនធានធម្មជាតិ ការទស្សនាកម្សាន្ត ការអប់រំ និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រនានា។

លោកបានបន្តយ៉ាងដូច្នេះថា៖ «តំបន់អន្លង់ផ្សោតព្រែកកាំពី គួរតែក្លាយជាបញ្ជីសំណើអាទិភាពមួយ ដូចគ្នានឹងសំណើដាក់តំបន់ការពារធម្មជាតិភ្នំត្បែង ទៅក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោក ដោយសារវាមានពពួកសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក សំដៅបង្កើនកិច្ចការពារ និងអភិរក្សតំបន់ទាំងនេះសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងជួយសង្គ្រោះដល់ពពួកសត្វកម្រដែលនៅសេសសល់»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ដោយលាតសន្ធឹងតាមដងទន្លេមេគង្គភាគខាងជើង ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ត្រង់ចំណុចល្បាក់ខោនទឹកធ្លាក់និមិត្ត អន្លង់ឈើទាល អន្លង់មរកត ក្នុងខេត្តស្ទឹងត្រែង មកទល់នឹងក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា អន្លង់ព្រែកកាំពី គឺជាទីជម្រកយ៉ាងសំខាន់សម្រាប់សត្វផ្សោតទន្លេមេគង្គ និងមានសក្តានុពលសម្រាប់ផ្នែកអេកូទេសចរណ៍ ដែលនាំប្រភពចំណូលទៅដល់សហគមន៍នៅទីនោះទៀតផង។ លោកបានសន្និដ្ឋានថា សត្វផ្សោតទឹកសាបមេគង្គ អាចមានចំនួន៨៩ក្បាល ដែលតួ លេខនេះច្រើនជាងប្រទេសភូមា និងឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា សត្វផ្សោតប្រភេទនេះមានប្រហែល ៦០ក្បាលប៉ុណ្ណោះ។

តាមការសិក្សារបស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បង្ហាញថា សត្វផ្សោតមេគង្គកម្ពុជា មានការធ្លាក់ចុះយ៉ាងច្រើន បើធៀបទៅនឹងចំនួនដែលត្រូវបានជំរឿនក្នុងឆ្នាំឆ្នាំ១៩៩៧ មានប្រហែល២០០ក្បាល និងក្នុងឆ្នាំ២០០៥ មានចំនួន១២៧ក្បាល។ ការធ្លាក់ចុះនេះ ដោយសារកត្តាគំរាមកំហែងដោយសារការជាប់មងរបស់អ្នកនេសាទ ការរំខានដល់ទីជម្រកនិងប្រភពរកចំណីរបស់ពួកវា និងរាប់បញ្ចូលទាំងគម្រោងទំនប់វារីអគ្គិសនី នានាកាត់ទន្លេមេគង្គផ្នែកខាងលើ។

រីឯតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយចំណាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ ២ម៉ឺន ៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី, ស្រុកគូលែន, ស្រុករវៀង និងក្រុងព្រះវិហារ នៃខេត្ត ព្រះវិហារ។

សម្រាប់តំបន់នេះមានសក្តានុពលធនធានធម្មជាតិ តំបន់នេះនៅមានសល់ព្រៃឈើដ៏សម្បូរបែបដូចជាព្រៃស្រោង និងព្រៃពាក់កណ្ដាល ស្រោង សម្រាប់ការអភិរក្សសត្វព្រៃ ការផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី និងធានាការផ្គត់ផ្គង់ទឹកសាប ដល់សហគមន៍នៅជុំវិញតំបន់នេះ៕