(អេហ្ស៊ីប)៖ យោងតាមសារព័ត៌មាន Telegraph របស់អង់គ្លេស ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ នាយប់ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦ឲ្យដឹងថា ក្រុមសង្គ្រោះដែលមានមកពីប្រទេសបារាំង អេហ្ស៊ីប និង ក្រិក នោះបានប្រទះឃើញដានប្រេង ដែលទំនងជាធ្លាយចេញពីយន្តហោះអេហ្ស៊ីប និង បំណែកមួយចំនួនទៀតនៃតួយន្តហោះ នៅលើដែនទឹកសមុទ្រមេឌីទែរ៉ាណេ ដែលគេកំពុងធ្វើការរុករកនោះ។

ការរកឃើញខាងលើនេះ អាចនាំឲ្យគេសន្និដ្ឋានថា យន្តហោះប្រាកដជាបានធ្លាក់នៅតំបន់នេះ ហើយក៏ទំនងជាមិនមាននរណាម្នាក់ រួចរស់ជីវិតនោះឡើយ ក្នុងចំណោមមនុស្សជិះនៅ EgyptAir flight MS804 ទាំងអស់៦៦នាក់នោះ។ ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ ក្រុមអ្នកធ្វើការស្វែង រក ក៏បានប្រទះឃើញបំណែកយន្តហោះ និងវ៉ាលីដាក់អីវ៉ាន់មួយចំនួនរួចទៅហើយដែរ៕