(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានចាត់បញ្ជូននគរបាល ដែលបានប្រឡងជាប់ឲ្យចូលបំរើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ សរុបចំនួន២២២នាក់ (ស្រី២៤នាក់) ដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី១៥ លើកទី២ រយៈពេល០៤ខែ នៅសាលានគរបាលជាតិភូមិ១ ខេត្តស្ទឹងត្រែង, សាលានគរបាលជាតិភូមិ៤ ខេត្តសៀមរាប និងសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល និងវិក្រិតការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំ និងផ្តាំផ្ញើដល់មន្រ្តីនគរបាល ដែល ត្រូវទៅបំពេញកម្មសិក្សាទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ការពន្យ់របស់គ្រូឧទ្ទេសនាម ត្រង់កន្លែងណាមិនយល់ ត្រូវហ៊ានសួរនាំ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់សាលា វិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ និងមានសាមគ្គីភាពជាមួយមិត្តរួមជំនាន់ ហើយមិនត្រូវគេចវេស ឬខ្ជិលច្រអូស មិនសិក្សា ដែលនាំឲ្យប៉ះពាល់កិត្យានុភាពរបស់ស្នងការដ្ឋាននោះឡើយ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ជំនួសមុខឲ្យថ្នាក់ដឹកនាំ ស្នងការដ្ឋាន លោកសង្ឈឹមយ៉ាងមុតមាំថា នៅពេលបញ្ចប់វគ្គសិក្សា ប្អូនៗទាំង២ភេទ នឹងនាំមកនូវនិទ្ទេសល្អ ក៏ដូចជាបណ្ណសរសើរ និងលិខិតសរសើរដើម្បីខ្លួនឯង ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត យើងនោះផងដែរ។

សូមបញ្ជាក់ថា នគរបាលដែលត្រូវចូលរៀន វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី១៥ លើកទី២ រយៈពេល០៤ ខែ ក្នុងនោះនគរបាលត្រូវទៅចូលរៀន នៅសាលានគរបាលជាតិភូមិ១ ខេត្តស្ទឹងត្រែង ចំនួន១៦នាក់ ស្រី០១នាក់ សាលានគរបាលជាតិភូមិ៤ ខេត្តសៀមរាប ចំនួន១៣៥នាក់ ស្រីចំនួន១៥នាក់ និងសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំងចំណួន៧១នាក់ (ស្រី០៨នាក់)៕