(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការ រៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និងរៀបចំសេចក្តីព្រៀងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច, លោក ស្វីត នី ប្រធានរតនាគារខេត្ត អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្តមួយចំនួនផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក បឹង គឹមសឹង បានថ្លែងថា គ្រប់អង្គភាព ត្រូវគិតគូរឲ្យបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយ របស់មន្ទីរ អង្គភាពឲ្យបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែង ដំណើរការអនុវត្តការងារថវិកា ស្របតម្រូវការសមិទ្ធកម្មរបស់ខ្លួន កត្តាសំខាន់ គឺការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៏ត្រូវរំលេចនូវសកម្មភាព និងបេសកកម្មចម្បងៗរបស់ក្រសួង-ស្ថាប័ន អំពីភាពជាក់ស្ដែង នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាបច្ចុប្បន្នធៀបទៅនិងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយ ក្នុងឆ្នាំ២០២៣ និងឆ្នាំខាងមុខទៀតផងដែរ។

លោកបានបញ្ជាក់ថា ការរៀបចំផែនការយុទ្ធសាស្រ្តថវិកានេះ ក៏ត្រូវរំលេចផងដែរ អំពីវិធានការគោលនយោបាយសំខាន់ៗ ដែលក្រសួងស្ថាប័ន បានដាក់ចេញ ឲ្យស្របតាមទិសដៅ នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ រួមទាំងគោលនយោបាយតាមវិស័យ និងអន្តរវិស័យ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តថវិកា មន្ទីរអង្គភាពជុំវិញខេត្ត និងក៏ត្រូវគិតគូរ យកចិត្តទុក ដាក់ក្នុងការអនុវត្តការ ចំណូលចំណាយថវិកាឆ្នាំ ២០២៣នេះ ឲ្យបានល្អប្រសើរ។

លោកបានបញ្ជាក់ទៀតថា ជាក់ស្តែង នៅក្នុងបំណាច់ឆ្នាំអនុវត្តថវិកាឆ្នាំ២០២១ មន្ទីរបានសង្កេតឃើញនៅមានការខ្វះចន្លោះក្នុងការអនុវត្ត ចំណូលចំណាយថវិកាដែលតម្រូវឲ្យមន្ទីរអង្គភាពជុំវិញខេត្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះថា ថវិកា គឺជាការកំណែទម្រង់ហិរញ្ញវត្ថុស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលធានានូវការអនុវត្តចំណូលចំណាយថវិកាកាន់តែប្រសើរឡើង ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងអាចជឿទុកចិត្តបាន។

លោក អ៊ុ រាត្រី បានផ្តាំផ្ញើរឲ្យមន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការស្ដាប់នូវការបង្ហាញរបស់ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសូមលើកទឹកចិត្តឲ្យមានការចូលរួមក្នុងការសួរនូវ ចំណុចដែលពុំទាន់យល់ ច្បាស់ ដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និងរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣នេះឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ៕