(កំពង់ឆ្នាំង)៖ លោកនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៉ីម៉ាក់) និងក្រុមការងារ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានចុះធ្វើទស្សនកិច្ចពិនិត្យមើលសកម្មភាពរបស់មន្ត្រីស៉ីម៉ាក់ នៃវិទ្យាស្ថានបច្ចេកទេសកម្មភាពកំចាត់មីនកម្ពុជា នៅខេត្តកំពង់ឆ្នាំង ក្នុងការបង្កាត់ពូជសុនខហិតមីន ហិតរំសេវ សុនខភេរវកម្ម និងសុនខហិតក្លិន អ្នកមានវិជ្ជមានកូវី-១៩។

មន្ត្រីនៅក្នុងវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ននេះ ស៉ីម៉ាក់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កាត់ពូជសុនខបរទេស ជាមួយពូជសុនខរបស់ខ្មែរយើង ដែលក្នុងពេលនេះ យើងមានសុនខទាំងចាស់ទាំងថ្មី កំពុងហ្វឹកហាត់ចំនួនជាង ១០០ក្បាល។

សុនខទាំងអស់នោះ កំពុងហាត់ជំនាញខុសគ្នា គឺជំនាញហិតមីន ហិតរំសេវជាតិផ្ទុះ សុនខប្រឆាំងភេរវកម្ម និងសុនខហិតក្លិនអ្នកមានវិជ្ជមានកូវីដ-១៩ ហើយសុនខដែលមានជំនាញច្បាស់លាស់ អាចប្រើប្រាស់បាន ក្នុងកិច្ចប្រតិបត្តិការនានានោះក៏មានជាច្រើនក្បាលផងដែរ។ ដូច្នេះពីមុនបានទិញសុនខពីបរទេសដើម្បីដោះមីន តែពីនេះអាចបង្កាត់ពូជសុនខខ្មែរយើងអាចហ្វឹកហាត់ និងក៏លក់សុនខជូនបរទេសវិញផងដែរ ព្រោះកន្លងមកនេះលក់បានជាង ៥០ក្បាលហើយ។

លោក ហេង រតនា បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជា កំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់ការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌ នៅក្នុងសង្គ្រាមទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសបណ្ដាប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌក្នុងសង្គ្រាម។

សកម្មភាពហ្វឹកហ្វឺននេះ ក៏បានជួយពង្រឹងដល់សមត្ថភាពរបស់មន្ត្រីជំនាញបំពេញកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្នុងន័យចូលរួមចំណែកអនុវត្តអនុសញ្ញាអន្តរ ជាតិអូតាវ៉ា និងផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលឆ្នាំ២០២៥ កម្ពុជាអស់ការគំរាមកំហែងដោយសារមីន ក៏ដូចជាការឆ្លើយតបរបស់អង្គភាពស៉ីម៉ាក់កម្ពុជា ក្រោយឆ្នាំ២០២៥ផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោកនាយឧត្តមសេនីយ៍ មាស សុភា ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីស៉ីម៉ាក់ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។ លោកក៏បានផ្ដាំផ្ញើដល់មន្ត្រីស៉ីម៉ាក់ទាំងអស់ ត្រូវបន្តការខិតខំហ្វឹកហាត់ជំនាញដល់សុនខទាំងអស់បន្តទៀត ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពដោះមីនរំដោះទឹកដីជូនប្រជាពលរដ្ឋ៕