(ព្រះវិហារ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ក្រោមអធិបតីភាពលោក កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាតំណាងលោក រដ្ឋមន្រ្តី ថោង ខុន និងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្តីទីខេត្ត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ប្រធាន-អនុប្រធានមន្ទី ស្ថាប័នពាក់ព័ន្ធ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សាស្ត្រាចារ្យ និស្សិតប្រមាណ១៧០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយជាតិលើវិស័យទេសចរណ៍ដែលជាត្រីវិស័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តភាពទៅកាន់ភាគីពាក់ព័ន្ធរដ្ឋ-ឯកជនឱ្យបានទូលំទូលាយក្នុងការអនុវត្តសកម្មភាពទេសចរណ៍នានា និងដើម្បីគាំទ្រដល់ចលនាជំរុញទេសចរណ៍ផ្ទៃក្នុង និងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញសម្រាប់ស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩។

លោក កើត ពុទ្ធវរី បានលើកឡើងថា ទិសដៅដ៏ចម្បង សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា គឺត្រូវតែសម្រេចឱ្យបាននូវតុល្យភាពមួយដែលមានប្រសិទ្ធភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ដោយឈរលើការគោរពតម្លៃនៃសម្បត្តិ និងធនធានទាំងនេះ និងដោយមានការចូលរួមរបស់ភាគីពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន។

លោកអនុរដ្ឋលេខាធិការបានបន្តថា កិច្ចអភិវឌ្ឍទេសចរណ៍ត្រូវរៀបចំធ្វើឱ្យមានអត្ថប្រយោជន៍ជាអតិបរិមាដល់សេដ្ឋកិច្ចសង្គ ម វប្បធម៌ និងបរិស្ថាន ទន្ទឹមគ្នានឹងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ដោយធានាឱ្យមានតុល្យភាពមួយរវាងការខាតបង់នឹងអត្ថប្រយោជន៍ និងរវាងតម្រូវការ និងការផ្គត់ផ្គង់ ពោលគឺការអភិរក្ស និងការអភិវឌ្ឍគឺដើរទន្ទឹមគ្នា។

ក្នុងនោះវាគ្មិនក៏បានធ្វើបទបង្ហាញផ្សព្វផ្សាយនិងផ្តោតសំខាន់អំពីប្រធានបទដូចជា៖
១៖ យន្តការក្នុងការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ប្រកបដោយនិរន្តភាព។
២៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ដោយផ្សារភ្ជាប់ទឹកដី។
៣៖ ផែនការសកម្មភាពចូលរួមស្តារវិស័យទេសចរណ៍កម្ពុជាតាមរយៈចលនាជំរុញចលនាទេសចរណ៍ផ្ទៃក្នុង។
៤៖ ការគ្រប់គ្រងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ប្រាសាទព្រះវិហារ។
៥៖ គោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តព្រះវិហារ។
៦៖ ផែនការសហគមន៍ភ្នំត្បែង។

គួរជម្រាបថា ដើម្បីចូលរួមជំរុញទេសចរណ៍ក្នុងស្រុក និងចុះសិក្សាស្រាវជ្រាវ ប្រមូលធាតុចូលស្តីពីផលិតផលទេសចរណ៍ និងសេវាកម្ម សហគមន៍ទេសចរណ៍ ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិទេសចរណ៍ ក្រុមការងារជំនាញ និងសិក្ខាកាមបានភ្ជាប់ទស្សនកិច្ចនៅទំនប់រក្សា និងចំការទុរេនភ្នំត្បែងផងដែរ៕