(កំពង់ធំ)៖ អភិបាលស្រុកតាំងគោក លោក ហាក់ ម៉ុងហួត បានចុះប្រកាសអនុញ្ញាតជូនប្រជាកសិករនៅភូមិគោកត្របែក នៃឃុំស្រឡៅ ឱ្យបង្កបង្កេីនផលស្រូវលេីផ្ទៃដីដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចកាត់ឆ្វៀលជូនកន្លងមក។

ការចុះប្រកាសប្រាប់ប្រជាកសិករខាងលើនេះធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិគោកត្របែកនោះតែម្ដង។

គួរជម្រាបថា យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ ៣៩៣ សជណ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅភូមិគោកត្របែកសរុបចំនួន៨៨៩គ្រួសារ ទទួលបានដីកាន់កាប់ និងអាស្រ័យផលនៅទីតាំងដែលធ្លាប់រស់នៅ និងអាស្រ័យផលតាំងពីយូរឆ្នាំមកហើយ ដែលមានចំនួន២,៣១២ហិកតា ស្មើនឹង១,០៨៥ក្បាលដី។ ការវាស់វែងកាត់ឆ្វៀលដីជូនប្រជាកសិករនេះ គឺក្នុងមួយគ្រួសារមិនលើសពី៥ហិកតានោះឡើយ។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានលើកឡើងថា ដោយអនុវត្តតាមការប្រគល់ភារកិច្ចរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងតាមអនុសាសន៍ណែនាំរបស់លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោកនិងសហការីបានចុះប្រកាសអនុញ្ញាតជូនប្រជាកសិករឱ្យបង្កបង្កេីនផលស្រូវលេីផ្ទៃដីរបស់គាត់ ដែលសម្តេចតេជោបានសម្រេចកាត់ឆ្វៀលជូនកន្លងមក ហេីយក្រុមការងារបច្ចេកទេសរបស់ខេត្តបានវាស់វែង និងកំណត់និយាមកាជូនគ្រួសារនីមួយៗរួចហេីយ នៅភូមិគោកត្របែក ឃុំស្រឡៅ។

លោក ហាក់ ម៉ុងហួត បានរំលឹកនូវប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប។ លោកថា ការប្រគល់ដីជូនប្រជាពលរដ្ឋពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ គឺបានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់សម្ដេចតេជោ ដែលមានគុណធម៌ មានសុភវិនិច្ឆ័យ គិតគូរខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានស្នើយ៉ាងទទួចទៅកាន់ប្រជាពលរដ្ឋនៅភូមិគោកត្របែកថា នៅពេលទទួលបានដីកាន់កាប់ និងអាស្រ័យផលនេះពីប្រមុខរាជរដ្ឋាភិបាលហើយ សូមកុំលក់ឱ្យអាជីវករ ឬអ្នកវិនិយោគណាផ្សេងឡើយ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអភិរក្សការពារធនធាននៅតំបន់បឹងទន្លេសាប ពិសេសគឺព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប និងពពួកមច្ឆជាតិ ដាច់ខាតមិនត្រូវកាប់ទន្ទ្រានព្រៃលិចទឹក ព្រៃរនាម និងប្រព្រឹត្តអំពើនេសាទខុសច្បាប់នោះឡើយ។

សូមជម្រាបថា ភូមិគោកត្របែក គឺជាភូមិដាច់ស្រយាលមួយដែលនៅក្នុងតំបន់៣នៃតំបន់ជុំវិញបឹងទន្លេសាប ក្បែរព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ពោលគឺក្បែរនឹងបឹងទន្លេសាបតែម្ដង ជាភូមិលិចទឹកនៅរដូវទឹកឡើង៕