(ឥណ្ឌូនេស៊ី)៖ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូចំនួន ៤រូប រៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង (Cambodian Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination) នៅទីក្រុងមេដាន ប្រទេសឥណ្ឌូនេស៊ី។

យុទ្ធនាការ ដែលបានរៀបចំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ ក៏មានការចូលរួមធ្វើបទបង្ហាញរបស់វាគ្មិនសំខាន់ៗដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ (ZOOM) រួមមាន៖ លោក SATVINDER SINGH អគ្គលេខាធិការរងនៃលេខាធិការដ្ឋានអាស៊ាន លោកស្រី Laila Lubis តំណាងមកពីការិយាល័យផ្សព្វផ្សាយទេសចរណ៍នៃខេត្តស៊ូម៉ាត្រាភាគខាងជើង ព្រមទាំងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងពាណិជ្ជកម្ម សមាគមន៍ទេសចរណ៍ CATA, PATA Cambodia, CTF, និង CHA។

ជាមួយគ្នានោះក៏ផ្នែកឯកជននៅកម្ពុជាដែលចូលរួមក្នុងកម្មវិធីនេះរួមមាន តំណាងក្រុមហ៊ុន Mean Tour (Cambodia) Trading & Tour Co., Ltd. និងតំណាងក្រុមហ៊ុន Satguru Travel and Tour Co., Ltd. ដោយមានអ្នកចូលរួមមកពីសមាគមន៍ទេសចរណ៍ឥណ្ឌូនេស៊ីចំនួន ១២០នាក់ មកពីសមាគមទេសចរណ៍ ចំនួន ៥ និងសារព័ត៌មានល្បីៗចំនួន ៦ស្ថាប័ន រួមមាន TV One, TVRI, Television Republic Indonesia, Waspada Daily, SUMUT Post, IndoZone និង Analisa.com។

ការចុះផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានេះដែរ ក៏ជាអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបើកវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានជំរុញឱ្យប្រទេសសមាជិកអាស៊ាន ពិចារណាក្នុងការបើកវិស័យទេសចរណ៍ដោយផ្តើមពីចលនាទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) និងស្របតាម ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផែនការ យុទ្ធសាស្រ្ត បើកទទួលទេសចរវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លេីកឡេីងនាឱកាសនោះ លោក កាទើ មហាំម៉ាត់ ណោសស្រ៊ី បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា «Cambodian Tourism Roadshow» ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតងនេះ គឺសំដៅផ្សព្វផ្សាយ អំពីសក្តានុពល វិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាង ផ្នែកឯកជន កម្ពុជា - ឥណ្ឌូនេស៊ី ឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា លើទីផ្សារឥណ្ឌូនេស៊ី រួមជាមួយការផ្សព្វផ្សាយ អំពីការបើកដំណើរការសេវា ទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរ ពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។

ការលើកលែងលិខិត PCR Test អវិជ្ជមាន ៧២ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តស៊ូម៉ាត្រាភាគខាងជើង (North Sumatera) និងបណ្តាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ី ហើយភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ី នឹងជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រុមហ៊ុន Singapore Airlines, Malaysia airlines, Air Asia Indonesia, Garuda Airlines និង ក្រុមហ៊ុន CitiLink airlines ក្នុងការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ឥណ្ឌូនេស៊ីនាពេលដ៏ខ្លីខាងមុខនេះ។

តាមរយៈកម្មវិធីនេះរំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌូនេស៊ី ឱ្យមកទស្សនាប្រទេសកម្ពុជា «កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ» កាន់តែច្រើនឡើងនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍ផងដែរ៕