(ភ្នំពេញ)៖ លោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានផ្ដល់ព័ត៌មាន ស្ដីពីការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដែលអញ្ជើញចូលរួមកិច្ចប្រជុំ។

សកម្មភាពនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស ហើយនៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញ អំពីការរៀបចំការពារសន្តិសុខ វិធានការសុខាភិបាល និងការរៀបចំប្រព័ន្ធផ្សព្វផ្សាយ ពីតំណាងស្ថាប័នពាក់ព័ន្ធ ផងដែរ។

លោក លុយ ដាវីត បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅតាមទម្រង់ដោយផ្ទាល់ (Physical) នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានរយៈពេលវែង ដោយសារមានកិច្ចប្រជុំថ្នាក់អគ្គនាយក ថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីការបរទេស។

លោកបន្តថា ក្រោយចប់កិច្ចប្រជុំទាំងនេះ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃប្រជុំផងដែរ។

សូមជម្រាបថា ក្នុងភាពជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំសំខាន់ៗ ដូចជា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២៕