(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនព័ត៌មាន បង្ហាញពីការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិច ឬ Vape ដែលបញ្ជូនសារធាតុនីកូទីនអេឡិចត្រូនិច ហើយបារីអេឡិចត្រូនិច មានបរិមាណនីកូទីនខុសៗគ្នា។

ក្នុងសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិច បង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិ
នីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បារីអេឡិចត្រូនិច៩៩% មានផ្ទុកជាតិនីកូទីន។

ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យយុវជនក្លាយជាអ្នក
ជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។

ការស្រូបចំហាយបារីអេឡិចត្រូនិច ដោយប្រយោលពីគេក៏ទទួលនូវគ្រោះថ្នាក់ផងដែរ ដោយសារនៅក្នុងចំហាយបារីអេឡិចត្រូនិចមានផ្ទុកនូវជាតិនីកូទីន និងសារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឲ្យស្ត្រីដែលមានផ្ទៃពោះមានបញ្ហាដល់ការលូតលាស់របស់ទារក ព្រមទាំងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកផងដែរ។

ភស្តុតាងកាន់តែច្រើនឡើងដែលបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្ករឲ្យមានរបួសសួតដោយ ចំហាយទឹកដែលបំភាយចេញពី បារីអេឡិចត្រូនិច មានជាតិនីកូទី និង ភាគល្អិតតូច នៃ អ៊ុលត្រាហ្វាញ (Ultrafine Particle) ដែលវាមានសមត្ថភាពជ្រៀតចូលទៅក្នុងសួតបានកាន់តែជ្រៅ។ សារធាតុគីមីផ្តល់រសជាតិបារីអេឡិចត្រូនិច អាច
បង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងបង្កអន្តរាយដល់រាង្គកាយមនុស្សធ្ងន់ធ្ងរ។

ដោយយល់ឃើញថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែង ដល់អាយុជីវិតអ្នកប្រើប្រាស់ និងអ្នករងទទួលចំហាយផ្សែង ការប្រើប្រាស់បារីអេឡិចត្រូនិចនៅកម្ពុជាត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្ម លក់ ចែកចាយបារីអេឡិចត្រូនិចនេះក៏ត្រូវបានហាមឃាត់ដូចគ្នា ចាប់តាំងពីឆ្នាំ២០១៤ ដោយអាជ្ញាធរ
ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃដោយ បានចេញសេចក្តីណែនាំស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការបើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-cigarette) នៅក្នុងប្រទេសកម្ពុជា។

សូមរំលឹកថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លែងមានការប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ និងបើកចំហរទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផលិតផលទាំង២ ហាស់ដូចជាមានការកម្រើកឡើងវិញ ដែលជាបច្ច័យមួយនាំឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់កូនខ្មែរជំនាន់ក្រោយ៕