(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ (ពេទ្យលោកសង្ឃ) បំពាក់នូវឧបករណ៍ និងម៉ាស៉ីនព្យាបាលភ្នែកដ៏ទំនើបចុងក្រោយរបស់ពិភពលោក, លោក តាន់ សុគុន នាយកមន្ទីរពេទ្យ ប្រធានមន្ទីរពេទ្យព្រះកុសុមៈ បានប្រកាសដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកដែលមានប័ណ្ណ ប.ស.ស មកពិនិត្យ និងព្យាបាលភ្នែក ដោយឥតគិតថ្លៃ ខណៈមន្ទីរពេទ្យ បានត្រៀមក្រុមគ្រូពេទ្យជំនាញឯកទេសភ្នែក ប្រចាំការរៀងរាល់ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង និងមានបំពាក់ឧបករណ៍ទំនើបៗ សម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ ដែលតម្លៃប្រមាណជាង៤០ម៉ឺនសហរដ្ឋអាមេរិក។

នៅក្នុងពិធីបើកដំណើរការជាផ្លូវការ ផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោក តាន់ សុគុន «បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានជំងឺភ្នែក ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលមានប័ណ្ណឬគ្មានប័ណ្ណសមធម៌ និងប្រជាពលរដ្ឋដែលមានប័ណ្ណ ប.ស.ស នៅតាមខេត្តនានារួសរាន់អញ្ជើញមក ព្យាបាលវះកាត់ភ្នែកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រៀងរាល់ថ្ងៃពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដោយឥតគិតថ្លៃ»

ប្រធានមន្ទីរពេទ្យរូបនេះ បានគូសបញ្ជាក់ថា នាពេលកន្លងទៅនេះ ការទទួលសេវាព្យាបាលជំងឺភ្នែកនេះនៅក្នុងមន្ទីរពេទ្យ គឺមានការខ្វះខាត ក្រុមគ្រូពេទ្យជំនាញ និងឧបករណ៍ដែលតម្រូវឱ្យប្រជាពលរដ្ឋ ទៅទទួលសេវានៅមន្ទីរពេទ្យផ្សេង។ ប៉ុន្តែឥលូវនេះ មន្ទីរពេទ្យបានបើកដំណើរការជាផ្លូវការ ផ្នែកជំងឺភ្នែក ដោយមានក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺភ្នែកបញ្ចប់ការសិក្សាពីក្រៅប្រទេស និងជាពិសេសមន្ទីរពេទ្យ បានបំពាក់ឧបករណ៍បច្ចេកទេស សម្ភារបរិក្ខាវេជ្ជសាស្រ្តទំនើបៗ និងទាន់សម័យ សម្រាប់ពិនិត្យនិងព្យាបាលជំងឺភ្នែកជូនអ្នកជំងឺដែលតម្លៃរហូតទៅដល់ជាង ៤០ម៉ឺនដុល្លារ សម្រាប់ពិនិត្យព្យាបាល និងវះកាត់ភ្នែកជូនបងប្អូនកាន់តែមានភាពជឿរជាក់ និងទុកចិត្តខ្ពស់។

លោក តាន់ សុគន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មានប្រជាពលរដ្ឋជាច្រើនមកពិនិត្យជំងឺភ្នែក ដោយសារមន្ទីរពេទ្យនេះ ពុំមានឧបករណ៍គ្រប់គ្រាន់ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផ្សេង។

លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានគម្រោងផ្នែកភ្នែក នៃមន្ទីរពេទ្យព្រះកុសុមៈ បានថ្លែងថា គោលដៅសំខាន់នៃការព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ គឺដើម្បីផ្ដល់ភាពងាយស្រួល និងការយកចិត្តទុកដាក់ខ្ពស់ ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រពិតប្រាកដ បានមកទទួលបានការពិនិត្យព្យាបាល និងវះកាត់ភ្នែក ដូចទៅនឹងប្រជាពលរដ្ឋដែលមានថវិកា និងជីវភាពមធ្យម ឬខ្ពស់ដែរ។

ទន្ទឹមនឹងនេះ លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ក៏បានបញ្ជាក់ពីការព្យាបាល និងវះកាត់ឥតគិតថ្លៃ ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រវុធគ្រប់ប្រភេទ និងសាធារណៈជន ដែលមានប័ណ្ណ ប.ស.ស ឱ្យមកព្យាបាល និងវះកាត់ជំងឺភ្នែកនេះផងដែរ ដែលនេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពភ្នែកគ្រប់ មជ្ឈដ្ឋានទាំងអស់ដែលមានទទួលសេវាព្យាបាលភ្នែកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុម:។

លោកបានឱ្យដឹងថា សម្រាប់លទ្ធភាពនៃការពិនិត្យព្យាបាល និងវះកាត់ភ្នែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:នេះ គឺក្នុងមួយថ្ងៃៗ ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺភ្នែក អាចពិនិត្យព្យាបាលអ្នកជំងឺពី១០០ ទៅ២០០នាក់ និងវះកាត់ ពី២០ ទៅ៣០នាក់ ហើយនិងត្រូវពង្រីកវិសាលភាពនៃព្យាបាល និងវះភ្នែកនេះបន្ថែមដើម្បីបំពេញតម្រូវជូនប្រពលរដ្ឋដែលមានបញ្ហាភ្នែកនៅកម្ពុជា។

គួរបញ្ជាក់ថា បន្ទប់ព្យាបាលភ្នែកជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងអគារមន្ទីរពេទ្យថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលចិន និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីដើមឆ្នាំ២០២២៕