(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពការងារបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកបាកាន ឆ្លើយតបតាមអនុសាសន៍ និងបទបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុងពេលបិទនេសាទ។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងចាប់ពីចំណុចព្រែករាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង រហូតដល់ព្រែកក្បាលតោ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ លោក ចេង ឡៃ អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ប្រតិបត្តិការ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពការងារបង្ក្រាបបទល្មើសនេសាទ កាលពីម្សិលមិញនេះ ជាលទ្ធផល ពុំបានជួបប្រទះបទល្មើសអ្វីគួរឱ្យកត់សម្គាល់ឡើយ ពោលគឺដោយសារតែប្រជានេសាទបានជ្រួតជ្រាប ពីការអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យជលផល ដែលក្រុមការងារបានចុះផ្សព្វផ្សាយ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដាច់ខាតដល់អភិបាល ខេត្ត និង មន្រ្តីពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នាធ្វើការបង្រ្កាប ឱ្យអស់ នូវបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប។

លោក ចេង ឡៃ បានបញ្ជាក់បន្ថែមថា មុនបទបញ្ជារបស់សម្តេច ពិតណាស់បទល្មើសនេសាទ មានការកើតឡើងយ៉ាងអនាធិបតេយ្យ នេះដោយសារតែការខ្វះចន្លោះមួយចំនួន ឬអាចនិយាយបានថា ប្រជាពលរដ្ឋខ្វះខាតចំណេះដឹង សមត្ថកិច្ចមានចំនួនតិច ហើយមធ្យោបាយសម្រាប់ការបង្ក្រាបនោះ នៅមានកម្រិតផងដែរ។

លោកអភិបាលខេត្តស្តីទី ក៏សូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដែលរួមសហការគ្នា បង្ក្រាបបទល្មើសនេសាទ ដែលកើតមានឡើងពីច្រើនទៅតិច ពីតិចទៅតិចបំផុត និងពីតិចបំផុតទៅគ្មាន ដើម្បីឱ្យត្រីមានការកើនឡើង ជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ ដែលនេសាទជាលក្ខណៈគ្រួសារ។

លោកក៏បានណែនាំដល់កម្លាំងចម្រុះ ឱ្យបន្តធ្វើការល្បាត និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសក្នុងអំឡុងរដូវកាលបិទនេសាទ៕