(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញប្រកាសថ្មីមួយ ស្តីពីស្លាកបំរាម នៃការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ដើម្បីដាក់ឲ្យអនុវត្តនៅតាមហាង ភោជនីយដ្ឋាន ទីសាធារណៈនានជាដើម កុំឲ្យប៉ះពាល់ដល់សុខាមាលភាពប្រជាជន។

ប្រកាសរបស់ក្រសួងសុខាភិបាលចំនួន៣ទំព័រ មាន៩ប្រការ ដែល Fresh News ទទួលបានបញ្ជាក់ថា ស្លាកបំរាមអំពីការ ហាមឃាត់ជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ត្រូវជាសារសរសេរជាភាសាខ្មែរ និងភាសារអង់គ្លេស អមដោយសញ្ញាបំរាម​។ ស្លាកបំរាមត្រូវសរសេរថា «ហាមជក់បារី» «No Smoking» អមជាមួយនឹងសញ្ញាបំរាម ដែលមានរូបភាព បារីមួយដើមនៅក្នុងរង្វង់ មូលក្រហម និងមានបន្ទាត់ក្រហមមួយ គូសចំអង្កត់ផ្ចិតបញ្ឆិតពីខាងលើ នៃផ្នែកខាងឆ្វេងមកក្រោមផ្នែកខាងស្តាំ (មានរូបភ្ជាប់ជាមួយ)។

ប្រកាសដដែលបានបញ្ជាក់ថា អ្នកគ្រប់គ្រងឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈ ត្រូវបិទផ្សាយ និងដាក់ស្លាកបំរាម ហាមជក់បារីនៅកន្លែងដែលអាចមើលឃើញច្បាស់។ បុគ្គលណាដែលរំលោភបទបញ្ញាតិ្ត នៃប្រកាសនេះ ត្រូវទទួលពិនិត្យតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រិតស្តីពីវិធានការ ហាមឃាត់ការជក់ ឬបង្ហុយផ្សែងថ្នាំជក់ នៅកន្លែងធ្វើការឬទីសាធារណៈ។ ជនណាដែលជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងហាមឃាត់ ត្រូវពិនិត្យជាប្រាក់២ម៉ឺនរៀល៕