(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយធ្វើជាភ្នាក់ងារសម្ងាត់សហការជាមួយសមត្ថកិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំង-ទប់ស្កាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ពិសេសត្រូវគិតថាគ្រឿងញៀនគឺជាបញ្ហារបស់ប្រជាជនទាំងអស់គ្នា។

ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណវិទ្យាល័យពោធិ៍សាត់។

លោកវរសេនីយ៍ឯក ហែម មុន្នី ស្នងការរងនៃស្នងការដ្ឋាន ទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆមាសទី១ ដើមឆ្នាំ២០២២នេះ នគរបាលខេត្តពោធិ៍សាត់បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៧៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១០៩នាក់ ក្នុងនោះករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ចំនួន៥៣ករណី និងករណីប្រើប្រាស់ដោយខុសច្បាប់ចំនួន២៥ករណី ដោយបានដកហូតសម្ភារៈ វត្ថុតាង និងមធ្យោបាយប្រព្រឹត្តបទល្មើស រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២២២កញ្ចប់ ទម្ងន់៨៥៦.០២ក្រាម ថ្នាំប្រភេទ Wy ចំនួន១៦២គ្រាប់ ទម្ងន់១៦.២១ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៦គ្រឿង រថយន្ដ៦គ្រឿង ម៉ូតូ២១គ្រឿង ទូរស័ព្ទដៃចំនួន៤៦គ្រឿង លុយខ្មែរ២,២៧២,៥០០រៀល លុយដុល្លារ៦១៥ដុល្លារ លុយបាត២០០បាត កាំភ្លើងស្នប់ចំនួន៣ដើម ដាវ៥ដើម កាំបិត៧ដើម ប្រដាប់ឆក់៥គ្រឿង ឧបករណ៍វេចខ្ចប់ និងបម្រើឱ្យការជក់មួយចំនួនធំ។

លោកស្នងការរងបានបន្ថែមថា ចំណាត់ការផ្លូវច្បាប់ នគរបាលខេត្តពោធិ៍សាត់បានបញ្ជូនជនសង្ស័យទៅពន្ធនាគារចំនួន៦៥នាក់ បញ្ជូនទៅមណ្ឌលអប់រំកែប្រែស្ដារនីតិសម្បទាចំនួន១៤នាក់ និងធ្វើការអប់រំនៅថ្នាក់មូលដ្ឋា ចំនួន៣នាក់ និងបានកោះហៅមុខសញ្ញាមកអប់រំឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន និងធ្វើកិច្ចសន្យាប្រគល់ឱ្យឪពុកម្ដាយអាណាព្យាបាលអប់រំបន្ត។ បន្ថែមពីនោះ នគរបាលខេត្តពោធិ៍សាត់បានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រឹះស្ថានសិក្សានានា ធ្វើការផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនបានចំនួន២៧លើកផងដែរ។

លោកអភិបាលរងខេត្តពោធិ៍សាត់ ពៅ ពិសិដ្ឋ បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សហការជាមួយស្ថាប័នតុលាការ ដែលកន្លងមកនេះបានបង្ក្រាបមេឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ធំមួយក្នុងខេត្តពោធិ៍សាត់ ធ្វើឱ្យអត្រានៃការប្រឈមគ្រឿងញៀនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

លោកអភិបាលរងខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ក្នុងខេត្តពោធិ៍សាត់ត្រូវចាត់ទុកគ្រឿងញៀនជាបញ្ហារបស់ពលរដ្ឋទូទៅ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង មិនត្រូវគិតថាកិច្ចការទាំងអស់នេះគឺជាភារកិច្ចផ្តាច់មុខរបស់កម្លាំងមានសមត្ថកិច្ចតែម្នាក់ឯងនោះឡើយ។

ជាមួយគ្នានោះ ដើម្បីយកឈ្នះការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តពោធិ៍សាត់ គឺត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ហើយប្រជាជនម្នាក់ៗត្រូវមានភារកិច្ចចូលរួមមិនប្រើប្រាស់គ្រឿងញៀន ធ្វើជាភ្នាក់ងារសម្ងាត់សហការជាមួយសមត្ថកិច្ច ដើម្បីគ្រួសារយើង ភូមិយើង ឃុំ/សង្កាត់យើង ស្រុក/ក្រុងយើង និងខេត្តពោធិ៍សាត់ទាំងមូលគ្មានគ្រឿងញៀន។

លោកអភិបាលរងខេត្តក៏បានស្នើដល់យុវជន-យុវតីសូមកុំធ្វើឱ្យឪពុកម្ដាយស្រក់ទឹកភ្នែកដោយសារខ្លួន ត្រូវចងចាំថាការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូល៕