(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះក្រុងវេនីស Veniceឬ Venezia នៃប្រទេសអ៊ីតាលី ដែលជាទីក្រុងបុរាណបណ្ដែតខ្លួនលើផ្ទៃសមុទ្រអាឌ្រីអាទិច Adriatic ដ៏ល្បីល្បាញដែលមានអាយុកាលជាង១០០០ឆ្នាំមកនេះ ហើយដែលភ្ញៀវទេសចរណ៍តែងចោទជាចម្ងល់ថាតើការកសាងទីក្រុងលើផ្ទៃសមុទ្រនេះដោយប្រើបច្ចេកទេសគ្រឹះដើម្បីសាងសង់យ៉ាងម៉ិចនោះ។

អ្នកជំនាញអារ្យធម៌ខ្មែរ បានបកស្រាយថា គឺគេប្រើបច្ចេកទេសគ្រឹះឈើរាប់លានដើម ដើម្បីទ្រអាគាររាប់ពាន់អាចឈរនៅលើផ្ទៃទឹកដ៏ស្រស់ត្រកាលនេះ។ បច្ចេកទេសសាងសង់លើផ្ទៃទឹកនេះទៀតសោត ក៏បានបង្ហាញអំពីភាពច្នៃប្រឌិតខ្ពស់នូវស្ថាបត្យកម្មបណ្ដែតខ្លួនលើផ្ទៃសមុទ្រ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងសាសនា ហើយបានក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោកតែមួយគត់លើពិភពលោក។

លោក រត្ន័ សណ្ដាប់ បន្ដថាហេតុនេះទីក្រុងវេនីស Venice គឺជាលទ្ធផលនៃដំណើរការដ៏ស្វាហាប់ ដែលបង្ហាញអំពីអន្តរកម្មរវាងមនុស្ស និងប្រព័ន្ធអេកូឡូស៊ីនៃបរិស្ថានធម្មជាតិ មានរាងជាអក្សរ «S» ដែលអមទៅដោយកោះតូចៗមាន ចំនួន១១៨ តភ្ជាប់គ្នាដោយស្ពានចំនួន៤០០នៅលើព្រែកតូចៗជាច្រើនទៀត។ ចំពោះសាវតារនេះទៀតសោត គឺមានទំនាក់ទំនងជំនួញនិងនយោបាយ ពីចក្រភពប៊ីហ្សានទីនូ Bizantino និងជនជាតិផ្សេងទៀតតាំងពីសម័យបុរាណមកម៉្លេះ។ ជាហេតុធ្វើឲ្យមានឥទ្ធិពលមកលើស្ថាបត្យកម្មទីក្រុងវេនីសក្នុងការរចនាម៉ូតអាគារ និងការតុបតែងលម្អសិល្ប:ស្ថាបត្យកម្មអាគារជាច្រើនជំនាន់បន្ដបន្ទាប់គ្នា។

បើពោលឲ្យខ្លីយើងអាចបែងចែកប្រវត្ដិសិល្ប:ស្ថាបត្យកម្មទីក្រុងវេនីស ជារចនាបថ៤សម័យកាលធំៗដូចជា៖

ទី១៖ រចនាបថប៊ីហ្សានទីនូBizantino ស.វ.ទី៩ដល់ទី១៣ ជាសម័យចក្រភពប៊ីហ្សានទីនូ ព្រោះសម័យកាលនោះទំនិញផ្សេងៗ គ្រឿងសង្ហារឹមនិងរូបចម្លាក់ជាច្រើន បានដឹកមកដល់ទីក្រុងវេនីស ដើម្បីតុបតែងផ្ទះហ្វុងដាកូ Fondaco ដោយបង្កើតបានជារចនាបថប៊ីហ្សានទីនូបែបវេនីស ដោយផ្ទៃជញ្ជំងសំយាបពីមុខផ្ទះ មានរាងមូល ឬមានរាងកោងធ្វើពីថ្មម៉ាប។ រចនាបថនេះយើងឃើញនៅលើអាគារតាមបណ្ដោយព្រែកធំ ដូចជា ការ៉ូរីដែន Ca'Loredan និងប៉ាឡាត់សូបេមបូ Palazzo Bembo ជាដើម។

ទី២៖ រចនាបថហ្គូទីកូGotico ស.វ.ទី១៤ រចនាបថនេះយើងឃើញតាមផ្ទៃជញ្ជំង សំយាបផ្លូវដើរ សំយាបមុខផ្ទះនៃអាគារ។ យើងអាចកំណត់ចំណាំទៅលើសសរដែលមានរាងតូចជាងមុន ។ ចំពោះម៉ូតកោងនិងម៉ូតមូលត្រូវបានជំនួសទៅដោយម៉ូត ដែលមានមុខស្រួចរាងស្លឹកពោធិ៍និងរាងទ្រនុងស្រួចច្រើនជាងមុន។ រចនាបថនេះក៏បានបង្ហាញជាទម្រង់បង្អួចដែលមានជ្រុងខ្វាត់ខ្វែងហើយមានសមាមាត្រតូចធំ កំពូលស្រួចៗនិងទ្វាបង្អួចធំៗជាច្រើនផងដែរ។ សំយាបមុខផ្ទះជាទូទៅ បានលួចចេញពីផ្ទៃជញ្ជំងផ្ទះតែបន្ដិចប៉ុណ្ណោះ ហើយក្បាច់ក្បាលសសរមានរាងក្បាច់ផ្កា៤ត្របក ធ្វើពីម៉ាប ហើយកន្លែងខ្លះក៏លាបពណ៌ឆើតឆាយផងដែរ។

ទី៣៖ រចនាបថរើណេសង់Renaissance ស.វ.ទី១៥ដល់ទី១៦ នៅដើមសវទី១៥ ស្ថាបត្យកម្មបែបរើណេសង់បានលេចរូបរាងទ្បើងដូចជាអាគារ ប៉ាឡាត់សូ ក័រណើ ស្ពីណែលលី Palazzo Corner Spinelli ជាដើម ដែលមានបង្អួចធំៗ ហើយមានចំរឹងសសរ៣កោងតាមបង្អួចនីមួយៗ ផ្ទៃខាងមុខមានលក្វណះស៊ីមេទ្រីគ្នា។

ទី៤៖ រចនាបថបែបបារ៉ុកកូ Barocco ស.វ.ទី១៧ រចនាបថនេះមានការតុបតែងបែបផ្ចិតផ្ចង់។ សិល្បះស្ថាបត្យកម្មបែបបារ៉ុកកូ Barocco ត្រូវបានគេស្គាល់តាមម៉ូតតុបតែងដូចជា ហោជាងផ្ដាច់ពីគ្នានិងក្បាច់បែបផ្កានិងស្លឹកឈើ។ វិហារមួយដែលបានសាងសង់ទ្បើងតាមបណ្ដោយព្រែកធំឈ្មោះថាប៉ាស៊ីលីកា ឌីសាន់តា ម៉ារីយ៉ា ឌែលទ្បា សាលូតេ Basilica di Santa Maria della Salute ដែលតុបតែងដោយរូបចម្លាក់ជាច្រើន ហើយជាស្ថាបត្យកម្មបារ៉ុកកូ ដ៏ល្បីនៅលើទីក្រុងវេនីសនេះ ពិសេសគ្រឿងសង្ហារឹម បច្ចុប្បន្នមានលក្ខណះពេញនិយមខ្លំាង។

បច្ចុប្បន្នទីក្រុងវេនីស Venice ដោយមានការរីកចម្រើនក្រៅពីរចនាបថ៤ខាងលើ យើងឃើញមានរចនាបថផ្សេងៗទៀត ក្នុងនោះក៏មានដូចជារចនាបថសហសម័យផងដែរ។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាដូចនេះចំពោះប្រវត្ដិសិល្ប:ស្ថាបត្យកម្មទីក្រុងវេនីស Venice គឺជាទីក្រុងបុរាណបណ្ដែតខ្លួនលើផ្ទៃសមុទ្រ មានការវិវត្ដពីសម័យកាលមួយទៅសម័យកាលមួយ ជាបន្ដបន្ទាប់ដោយបញ្ជាក់អំពីអត្ដសញ្ញាណជាតិយ៉ាងរស់រវើក គឺមិនខុសពីប្រវត្ដិ៤សិល្ប:ស្ថាបត្យកម្មខ្មែរចក្រភពអង្គរពីស.វ.ទី៩ ដល់ទី១៣ ដោយគេអាចបែងចែកជា៩រចនាបថជាបន្ដបន្ទាប់យ៉ាងដូច្នោះនោះទេ។

ដូច្នោះបើគេសិក្សាអំពីចក្រភពរ៉ូម គឺគេនឹកទៅដល់អ្នកប្រាជ្ញបារាំង ហ្សង់រី-មូហ៊តHenri Mouhot ដែលបានមកដល់អង្គរវត្ដនៅឆ្នាំ១៨៦០ ក្នុងកោតសរសើរនូវសិល្ប:ស្ថាបត្យកម្មអង្គរថា​ «អង្គរវត្ដ គឺពិតជាមានភាពអស្ចារ្យណាស់បើគេនឹកទៅដល់ចក្រភពក្រិក-រ៉ូម» ព្រោះអង្គរវត្ដ មានភាពល្អឥតខ្ចោះតាមបែបបុរាណយ៉ាងល្អវិចិត្រដោយបានបង្ហាញអំពីអំណាចនៃចក្រភព ឯកភាពជាតិ និងរចនាបថ៕