(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។

ពិធីសំណេះសំណាលនេះ ត្រូវបានប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីអនុញ្ញាតឲ្យគណៈកម្មការទី៧ បំពេញតួនាទី ភារកិច្ចរបស់ខ្លួនតាមរយៈការក្តាប់ស្ថានការណ៍ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមនានានៃវិស័យអប់រំជាពិសេសក្នុងក្របខណ្ឌគរុកោសល្យ និងវិក្រិតការ។

សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក សំ រិទ្ធី អនុប្រធានគណៈកម្មការ, លោក ខៀវ ភារិទ្ធ លេខាធិការ និងវត្តមានលោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកឌី បុណ្ណា នាយកស្តីទីនៃវិទ្យសា្ថនជាតិអប់រំ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិត សរុបប្រមាណ១,៣៩២នាក់៕