(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានបន្តនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន១៤១គ្រួសារ និងប្រគល់ផ្ទះ២ខ្នង ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្តត្បូងឃ្មុំ ក្នុងនោះក៏បានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុក យុវជនកាកបាទក្រហម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយមួយចំនួន ដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។

ស្ថិតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែខិតខំលះបង់កំលាំងកាយចិត្ត តស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះជាបន្តទៀត ដោយត្រូវទៅបោះឆ្នោតសកលខាងមុខនេះឲ្យបានគ្រប់ៗគ្នា គាំទ្រសម្តេចជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។

បន្ថែមពីនេះ លោកបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេស មួយចំនួនធំ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបន្តអំពាវនាវឲ្យពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដោយឥតគិតថ្លៃ អោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល និងឈានទៅលុបបំបាត់ជំងឺនេះផងដែរ។

គូសបញ្ជាក់ថា អំណោយមុស្សធម៍ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ នាឱកាសនោះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស និងថវិកាមួយចំនួន ដែលបានធ្វើឡើងនៅចំនួន០៣ទីតាំងផ្សេងគ្នា រួមមាន ៖ នៅបរិវេណវត្តមុនីរង្សជីមាន់ ក្នុងឃុំកក់ ចំនួន១១១គ្រួសារ នៅភូមិកន្សោមសត្វ ក្នុងឃុំកក់ ចំនួន២០គ្រួសារ និងនៅភូមិត្រពាំងស្ទៀង ឃុំកក់ ស្រុកពញាក្រែក មានចំនួន១១គ្រួសារ៕