(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ អនុប្រធានកិត្តិយសសាខា ព្រមទាំង សមាជិកគណៈកម្មាធិការ សាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងផ្តល់អំណោយរបស់សាខាកាកបាទក្រហមខេត្តកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ សរុបចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិសៀមបូក និងភូមិ ទន្សោង ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ ជាពិសេស ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ស្វាយ សំអ៊ាង ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខលំបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោតធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច។

អំណោយផ្តល់ជូននាឱកាសនោះដែរក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ មី ១កេស ឃីត១ (សារ៉ុង១ ក្រមា១ ភួយ១ មុង១) និងជែលលាងដៃចំនួន១៕