(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់ដូសទី៣ ទៅទទួលយកវ៉ាក់សាំងដូសទី៣ ទាំងអស់គ្នា ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានការធូរស្បើយដោយគ្មានអ្នកឆ្លងរយៈពេលជិត២ខែមកហើយក៏ដោយ។
តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលមិនទាន់បានទទួលដូសទី៣ សូមអញ្ជើញទៅទទួលដូសទី៣»។
សម្តេចបានបន្តថា៖ «បញ្ហាមិនមែននៅលើវ៉ាក់សាំងនោះទេ អ្វីដែលជាការលំបាកគឺបងប្អូនមិនព្រមមករកវ៉ាក់សាំងតែម្តង ដែលនេះជាបញ្ហាអាចបង្កនូវស្ថានភាពដ៏លំបាកនៅពេលក្រោយ កូវីដ១៩ ដ្បិតតែមិនមានឆ្លងនៅកម្ពុជា ប៉ុន្តែកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ទោះបីជាកម្ពុជាមិនមានឆ្លង ប៉ុន្តែមិនមានសេចក្តីថា មិនមានកូវីដ១៩ នៅជិតយើងនោះទេ»។
របាយការណ៍ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនជនរួមជាតិនៅទូទាំងប្រទេសសរុបចំនួន ១៥,០៧៩,១០៦នាក់។ ប្រជាពលរដ្ឋដែលបានចាក់ដូសទី៣ មានចំនួន ៩,៤៣៩,៥៥០នាក់, ដូសទី៤ ចំនួន ២,៨៦៣,៦៧១នាក់ និងដូសទី៥ ចំនួន ២៦៤,៤១៣នាក់។
តាមរយៈសារសំឡេងដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣រួចហើយ បន្តទៅទទួលដូសទី៤ទៀត ហើយមន្រ្តីជួរមុខដែលត្រូវទទួលដូសទី៥ ក៏ត្រូវរូសរាន់ទៅចាក់ដូសជំរុញនេះផងដែរ។
សម្តេចតេជោ ក៏បញ្ជាឱ្យអាជ្ញាធររៀបចំទីតាំងដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងបង្កើតក្រុមការងារដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលពួកគាត់មិនមានលទ្ធភាពមកចាក់វ៉ាក់សាំងផងដែរ។ សម្តេចបញ្ជាឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សិក្សាអំពីទីតាំងដែលពលរដ្ឋភាគច្រើនមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ហើយសម្តេចក៏បានណែនាំដល់អាជ្ញាធរ សិក្សាឱ្យដឹងអំពីប្រភេទពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញនេះផងដែរ ដើម្បីងាយពង្រាយគ្រូពេទ្យ និងវ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បុគ្គលមួយចំនួនមានការភាន់ច្រឡំថា ការចាក់វ៉ាក់សាំងចំនួន២ដូស គឺគ្រប់គ្រាន់ ដែលការភាន់ច្រឡំដ៏ធំនេះ អាចបង្កហានិភ័យដ៏គ្រោះថ្នាក់សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។ សម្តេចតេជោ បានពន្យល់ថា ប្រសិនបើមានវាយលុកជាថ្មីដោយជំងឺកូវីដ១៩ អាចនឹងធ្វើឱ្យអ្នកដែលចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់ រងគ្រោះធ្ងន់ធ្ងរជាងគេ ជាពិសេសអ្នកមានសុខភាពទន់ខ្សោយ។ សម្តេចបញ្ជាក់ទៀតថា៖ «គ្មាននរណាឈឺជំនួសបង ប្អូននោះទេ សូម្បីតែប្តីប្រពន្ធបងប្អូនកូនបង្កើត ក៏មិនអាចឈឺជំនួសបុគ្គលណាបានឡើយ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ មានរយៈពេល ៥១ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩នោះទេ ខណៈអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ ក៏គ្មានដែរ។ តាំងពីជំងឺផ្ទុះឡើង រហូមកដល់ពេលនេះ កម្ពុជាធ្លាប់មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៣៦,២៦២នាក់ និងស្លាប់សរុបចំនួន ៣,០៥៦នាក់៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖