(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីត្រៀមអបអរសាទរខួបលើកទី៧១ នៃថ្ងៃកំណើតគណបក្ស ប្រជាជន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាអចិន្ត្រៃយ៍ផងដែរ។

ពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នារសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។

ពិធីខួបកំណើតគណបក្សនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ទើបតែខកខានចុងក្រោយ ២ឆ្នាំ នេះ ដោយសារតែការរាត្បាតនៃជំងឺកូវីង១៩។ ប៉ុន្តែទោះជាខកខានមិនបានប្រារព្ធពិធីយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារអបអរសាទរថ្ងៃកំណើតបក្សជារៀងរាល់ឆ្នាំផងដែរ។

គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១-២៨ ខែមិថុនា ឆ្នាំ២០២២នេះ មានអាយុ ៧១ឆ្នាំហើយ បានក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាង សកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិកម្ពុជា៕