(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ នឹងរៀបចំវេទិកាពិភាក្សាមួយស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

វេទិកាពិភាក្សានេះ ប្រព្រឹត្តឡើងក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្តាញសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដោយធ្វើការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់អង្គភាព និងបណ្ដាសារព័ត៌មាននានា លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កន្លងមក។

កិច្ចសន្ទនានេះ នឹងធ្វើឲ្យឃើញនូវតម្លាភាព និងគណនេយ្យភាព នៃកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជារដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ខ្ពស់លើ ការផ្តល់សេវាយុត្តិធម៌សាធារណៈ។ វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួមគឺ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌៕