(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា នាថ្មីៗនេះ បានប្រារព្ធពិធីជួបជុំសមាជិកសមាជិកា ដើម្បីទទួលទានអាហារសាមគ្គីពេលល្ងាច ប្រចាំឆមាស ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសមាជិក សមាជិកាសមាគមទាំងអស់ប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Himawari ។

ក្នុងកម្មវិធីនេះ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមជួបជុំញ៉ាំអាហារសាមគ្គីមួយនេះ ដល់សមាជិក សមាជិកាសមាគមទាំងអស់។ ក្នុងនាមជាប្រធានសមាគមស្បែកជើងកម្ពុជា លោកសូមអរគុណចំពោះការស្រលាញ់ រាប់អាន និងការគាំទ្ររបស់សមាជិក សមាជិកាទាំងអស់ ហើយលោកឧកញ៉ាបន្តថា លោកមានកិត្តិយស និងការទទួលខុសត្រូវយ៉ាងធំធេង ដើម្បីបម្រើវិស័យផលិតស្បែកជើងទាំងអស់នៅកម្ពុជា និងសូមទទួលនូវការដឹងគុណដោយស្មោះអស់ពីចិត្ត។

ប្រធានសមាគមស្បែកជើងកម្ពុជា បានបញ្ជាក់ថា «បើគ្មានការជួយជ្រោមជ្រែងពីសមាជិក និងមិត្តភក្តិទាំងអស់ទេនោះ គ្មានគ្រួសារធំដូចសមាជិកសមាគមស្បែកជើងកម្ពុជាទេ ហើយសមាគមស្បែកជើងកម្ពុជា ក៏មិនអាចដំណើរការបានយ៉ាងរលូនដូចពេលនេះដែរ។ ខ្ញុំសង្ឃឹមថា ដោយការខិតខំប្រឹងប្រែងរួមគ្នារបស់សមាគមស្បែកជើងកម្ពុជា និងសមាជិកទាំងអស់ សមាគមនេះនឹងរីកចម្រើន និងអភិវឌ្ឍជាមួយគ្នា ហើយឈានទៅដល់អនាគតមួយដ៏ល្អប្រសើរ»។

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា លី ឃុនថៃ បានថ្លែងទៀតថា រយៈពេលប្រមាណ ២ឆ្នាំនេះ ជំងឺកូវីដ១៩ បានធ្វើឲ្យពិភពលោក និងកម្ពុជាផងនោះ ទទួលរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺនេះ ធ្វើឲ្យកម្ពុជាទទួលបានប្រព័ន្ឋភាពស៊ាំក្នុងសហគមន៍យ៉ាងឆាប់រហ័ស ដែលញ៉ាំងឲ្យមានការបើកប្រទេស និងសេដ្ឋកិច្ចស្ទើរគ្រប់វិស័យ អំឡុងដើមឆ្នាំ២០២២នេះ។ នេះក៏បង្កឱកាស ឲ្យសមាគមស្បែកជើងកម្ពុជា បង្កើតកម្មវិធីជួបជុំសមាជិកផងដែរ។

លោកឧកញ៉ាបន្តថា យោងតាមសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៉ី សេដ្ឋកិច្ចរបស់កម្ពុជាបានកើនដល់ ៥,៤% ជាប្រទេសទី២ នៅលើពិភពលោក ដែលមានសន្ទុះសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងជាប់ជាប្រទេសទី៥ នៅលើពិភពលោកដែលទទួលបានការស្រោចស្រពវ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងសហគមន៍។ ហេតុនេះហើយ លោកឧកញ៉ាបានស្នើសូមអ្នកវិនិយោគទុនដែលកំពុង និងគ្រោងដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្ម មានទំនុកចិត្តបន្ថែមទៀតនៅកម្ពុជា។

សូមជម្រាបដែរថា សមាគមស្បែកជើងកម្ពុជា តែងតែដឹកនាំ និងរៀបចំឲ្យមានសិក្ខាសាលាផ្សេងៗ ដោយអញ្ជើញក្រសួងពាក់ព័ន្ឋទាំងអស់មានដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ឋដារ និយ័តករគណនេយ្យ និងសវនកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បេឡាជាតិរបបសន្តិសុខសង្គម ក្រសួងបរិស្ថាន និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើបទបង្ហាញពន្យល់ណែនាំ ពីនីតិវិធី វិសោធនកម្មច្បាប់ថ្មី និងបទបញ្ញត្តិផ្សេងៗ អប់រំដល់សមាជិក សមាជិកានៃសមាគមស្បែកជើងកម្ពុជា នៅតាមបណ្តារោងចក្រ សហគ្រាសទាំងអស់ ដើម្បីរួមចំណែកអនុវត្ត និងគោរពឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី៕