(អាមេរិក)៖ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានប្រារព្ធខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងឡាសវីហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក។

ប្រធានអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋនីវ៉ាដា បានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះជូនចំពោះថ្នាក់ដឹកនាំសាខាបក្ស ថ្នាក់ដឹកនាំយុវជនបក្ស និងសមាជិក សមាជិកាទាំងអស់ក្នុងទីក្រុងឡាសវេហ្គាស រដ្ឋនីវ៉ាដា ដែលបានផ្តួចផ្ដើមធ្វើកម្មវិធីរំលឹកខួបគណបក្សប្រជាជនកម្ពុជាលើកទី៧១ យ៉ាងឱឡារិក។

ប្រធានអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋនីវ៉ាដា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ផាត ភារះ និងលោកស្រី ផាត វី ដែលទ្វេតែងតែផ្ដល់គេហដ្ឋានជាទីកន្លែងប្រារព្ធពិធីជារៀងដរាបមក។

សូមបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូ ស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមាន អត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា៕