(ភ្នំពេញ)៖ ដូចគ្នានឹងមេរោគអេដស៍ ឬជំងឺគ្រុនចាញ់ដែរ ជំងឺបណ្តាលមកពីអាហារ គឺជាបញ្ហាប្រឈមសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរមួយរបស់ពិភពលោក។ ជំងឺជាង ២០០ប្រភេទផ្សេងគ្នា មានទំនាក់ទំនងផ្ទាល់ជាមួយការបរិភោគចំណីអាហារដែលមានផ្ទុកបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងសារធាតុគីមីជាដើម។

ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ជំងឺបណ្តាលមកពីអាហារបង្កឲ្យមាន មនុស្សស្លាប់ប្រមាណ៤២,០០០នាក់ នៅលើសាកលលោកក្នុងមួយឆ្នាំៗ ជាពិសេសកុមារដែលមានអាយុក្រោម ៥ឆ្នាំ និងប្រជាជនដែលមានប្រាក់ចំណូលទាប។ តំបន់អាហ្រ្វិក និងអាស៊ីអាគ្នេយ៍មានឧប្បត្តិហេតុ និងអត្រាស្លាប់ខ្ពស់ជាងគេ។ កត្តានេះ ឆ្លុះបញ្ចាំងអំពីតម្រូវការបន្ទាន់ក្នុងការធានាឱ្យបាននូវសុវត្ថិភាពស្បៀងអាហារ។

ជំងឺបណ្តាលមកពីអាហារ អាចបង្កឲ្យមានរោគសញ្ញារយៈពេលខ្លីដូចជា ក្អួតចង្អោរ និងរាក (ជាទូទៅហៅថាការពុលអាហារ) ប៉ុន្តែវាក៏អាចបណ្តាលឲ្យមានជំងឺរយៈពេលវែងដូចជាជំងឺមហារីក ជំងឺតម្រងនោម បញ្ហាថ្លើម ជំងឺខួរក្បាល និងជំងឺសរសៃប្រសាទ។ ជំងឺទាំងនេះ អាចមានសភាពធ្ងន់ធ្ងរចំពោះកុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សវ័យចំណាស់ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។

កុមារដែលធ្លាប់ឆ្លងកាត់ជំងឺបណ្តាលមកពីអាហារ អាចទទួលរងផលវិបាកធ្ងន់ធ្ងរដូចជា ការពន្យាការអភិវឌ្ឍ រាងកាយ និងខួរក្បាល ដែលកត្តានេះនឹងប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេជាអចិន្ត្រៃយ៍។ ប៉ុន្តែជាដំណឹងល្អមួយ គឺជំងឺបណ្តាលមកពីអាហារ ជាជំងឺដែលអាចការពារបាន។

ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនៅឆ្នាំនេះ ប្រទេសកម្ពុជាប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ដែលរៀបចំដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការជាមួយរាជរដ្ឋាភិបាលក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធដទៃទៀត ក្រោមការឧបត្ថម្ភដោយសហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

ការប្រារព្ធទិវានេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបញ្ហាសុវត្ថិភាពស្បៀងអាហារ និងដើម្បីបង្កើនការទទួលស្គាល់សារៈសំខាន់សុវត្ថិភាពស្បៀងអាហារ សំដៅធានាការការពារ ដល់អ្នកបរិភោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសកម្ពុជា។

ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនៅកម្ពុជា បានរំលេចឲ្យឃើញនូវភាពចំបាច់ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឲ្យបានថា អាហារមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ និងបញ្ជ្រាប សុវត្ថិភាពស្បៀងអាហារទៅក្នុងរបៀបវារៈសាធារណៈ សំដៅកាត់បន្ថយជំងឺបង្កឡើងដោយចំណីអាហារ និងជួយសម្រួលឱកាសពាណិជ្ជកម្មរសម្រាប់ប្រទេសកម្ពុជា។

ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនេះ មានអ្នកចូលរួមប្រហែល២៥០នាក់ មកពីគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ស្បៀងអាហារ រួមមានអ្នកបង្កើតគោលនយោបាយ មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងមកពីវិស័យឯកជន អ្នកលក់រាយ កសិករ សាស្រ្តាចារ្យ និស្សិតសាកលវិទ្យាល័យ និងប្រព័ន្ធផ្សព្វផ្សាយ។

កញ្ញា Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជាបានបញ្ជាក់ថា បើអាហារគ្មានសុវត្ថិភាពទេ នោះមិនមែនជាអាហារឡើយ។ ដូច្នេះយើងត្រូវការកិច្ចខិតខំប្រឹងប្រែងរួមមួយ ការប្តេជ្ញាចិត្ត និងការវិនិយោគដើម្បីធ្វើឲ្យអាហារមានសុវត្ថិភាព និងជារបបអាហារសុខភាព មានតម្លៃសម្យរម្យ ដែលគ្រប់ៗគ្នាអាចទទួលបានសម្រាប់បរិភោគ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ យើងត្រូវរួមគ្នាធ្វើឲ្យប្រព័ន្ធស្បៀងអាហារកាន់តែមានប្រសិទ្ធភាព មានភាពធន់ និងនិរន្តរភាពនៅគ្រប់ដំណាក់កាលទាំងអស់នៃខ្សែច្រវ៉ាក់ស្បៀងអាហារ គឺចាប់ពីការផលិត និងការកែច្នៃ រហូតដល់ទីផ្សារ ការដឹកជញ្ជូន និងការចែកចាយ និងកន្លែងបរិភោគ។ ស្របពេលជាមួយគ្នានេះដែរ យើងទាំងអស់គ្នាគួរកែប្រែរបៀបដែលយើងទទួលទានអាហារ និងជ្រើសរើសអាហារដែលធ្វើឱ្យយើងមានសុខភាពល្អជាងមុន ដើម្បីខ្លួននយើងផង និងភពផែនដីរបស់យើងផង។

លោកស្រីវេជ្ជបណ្ឌិត Asheena Khalakdina ប្រធានក្រុមកម្មវិធីគ្រោះអាសន្នសុខភាពសាធារណៈ នៃអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សុវត្ថិភាពចំណីអាហារ គឺជាការទទួលខុសត្រូវរួមគ្នា។ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាសកល ពីជំងឺបង្កឡើងដោយចំណីអាហារ រដ្ឋាភិបាល ឧស្សាហកម្មម្ហូបអាហារ និងបុគ្គលគ្រប់រូប ត្រូវធ្វើការងារបន្ថែមទៀតដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព និងទប់ស្កាត់ការចម្លងរោគ។ កម្ពុជានៅតែមានតម្រូវការចាំបាច់ចំពោះការអប់រំ និងការបណ្តុះបណ្តាលស្តីពីការការពារជំងឺបង្កឡើងដោយចំណីអាហារ ក្នុងចំណោមអ្នកផលិតម្ហូបអាហារ អ្នកផ្គត់ផ្គង់ អ្នករៀបចំទុកដាក់ និងសាធារណៈជនទូទៅ។

តំណាងអង្គការសុខភាពពិភពលោករូបនេះ បានបន្ដទៀតថា យើងទាំងអស់គ្នាបានឆ្លងកាត់ការផ្លាស់ប្តូររបៀបរបបរៀបចំអាហារ ឬការទទួលទានអាហារ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ហើយរបៀបរបបមួយចំនួន អាចមានឥទ្ធិពលយូរអង្វែងជាងរបៀបរបបមួយផ្សេងទៀត។ អង្គការសុខភាពពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលដៅនាំយកមកនូវចំណេះដឹងបច្ចេកទេសពីពិភពលោក ទាំងផ្នែកវិទ្យាសាស្ត្រ ធុរកិច្ច និងសង្គម ដើម្បីលើកកម្ពស់ស្បៀងអាហារប្រកបដោយសុវត្ថិភាព សុខភាពល្អ និងនិរន្តរភាពសម្រាប់មនុស្សទាំងអស់គ្នា។

សុវត្ថិភាពស្បៀងអាហារ ជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយនៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារ។

ការប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាជំហានដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារ។ ច្បាប់នេះកំណត់ក្របខ័ណ្ឌ និងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់នៃម្ហូបអាហារនៅក្នុងគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពស្បៀងអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។

ថ្លែងក្នុងពិធីបើកទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងរៀបចំផែនការសកម្មភាពនិងយុទ្ឋសាស្ត្រតាមវិស័យនានា ក្នុងគោលបំណងធ្វើការអន្តរាគមន៍ ដើម្បី «បញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព» សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានសង្កត់ធ្ងន់ថា «សន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង គឺជាបញ្ហាពហុវិស័យតម្រូវឲ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាតនិងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម និងវិស័យពាក់ព័ន្ធនានា»។

លោកបានបន្តទៀតថា ការសហការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍ យុវជននិងអ្នកសារព័ត៌មាន ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តតាមវិស័យ និងពហុវិស័យខាងលើ គឺជាកត្តាចាំបាច់ ដើម្បីដោះស្រាយភាពស្មុគស្មាញនៃឫសគល់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់»។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា សុវត្ថិភាពស្បៀអាហារ គឺជាគន្លឹះដើម្បីធានាបាននូវប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព ហើយកិច្ចការនេះ គឺជាការងារអាទិភាព ក្នុងកិច្ចព្រមព្រៀងបៃតងអឺរ៉ុប និងយុទ្ធសាស្រ្តពីកសិដ្ឋានរហូតដល់តុអាហារ។ សហភាពអឺរ៉ុបប្តេជ្ញាយ៉ាងមុតមាំធ្វើការជាមួយប្រទេសជាដៃគូក្នុងកិចុ្ចខិតខំប្រឹងប្រែងនេះ មិនសម្រាប់តែការអភិវឌ្ឍន៍មូលធនមនុស្សប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទស្សនវិស័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលសុវត្ថិភាពស្បៀងអាហារអាចជួយប្រទេសនានា ដូចជាកម្ពុជាដើម្បីបើកឱកាសពាណិជ្ជកម្មកាន់តែច្រើននៅក្នុងទីផ្សារតំបន់ និងពិភពលោក។

កញ្ញា Rebekah Bell បានបន្ថែមទៀតថា អង្គការ FAO បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារដែលបានអនុម័ត ដោយគាំទ្រដល់ការរៀបចំបទប្បញ្ញត្តិចាំបាច់ កិច្ចពិភាក្សាគោលនយោបាយស្តីពីសុវត្ថិភាពស្បៀងអាហារ ជាពិសេសការរៀបចំធ្វើការវិភាគអំពីប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារនៅកម្ពុជាក្នុងឆ្នាំនេះ។

ការវិភាគអំពីប្រព័ន្ធត្រួតពិនិត្យស្បៀងមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនេះ ជាការប្រមូលភស្តុតាង ការវិភាគលម្អិតលើភស្តុតាងទំាងនោះ ដើម្បីរៀបចំអនុសាសន៍ជាក់លាក់ និងអាចអនុវត្តបាន ដោយភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមគ្នាដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារប្រកបដោយប្រសិទ្ធភាព៕