(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសផ្លាស់ប្តូររចនាសម្ព័ន្ធជាផ្លូវការ និងបែងចែកមុខដំណែងមន្រ្តីជាច្រើនរូបផងដែរ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា ការផ្លាស់ប្តូនេះ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនវិស័យសង្គមកិច្ចនៅកម្ពុជា ហើយថា គឺជាក់ស្តែងចេញពីភាពជោគជ័យ។ ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច ត្រូវប្រឈមមុខរ៉ាប់រងនូវទំនួលខុសត្រូវកាន់តែខ្ពស់ជាងមុនដែរ។

ការប្រកាសតែងតាំង និងផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ក្រសួងនៅថ្ងៃនេះ គឺជាការស្តែងចេញពីភាពជោគជ័យ និងបោះជំហានទៅមុខមួយដំណាក់កាលទៀត នៃក្រសួងសង្គមកិច្ច ក៏ដូចជាវិស័យសង្គមកិច្ច និងក៏ជាឧត្តមប្រយោជន៍របស់បណ្តា្កក្រុមជនគោលដៅ ។

លោករដ្ឋមន្រ្តីបានបន្ថែមថា បើទោះយ៉ាងណា មិនមែនយកតំណែងជាសំខាន់ទេ ប៉ុន្តែគឺយកប្រសិទ្ធភាព និងទំនួលខុសត្រូវតួនាទីភារកិច្ចការងាររបស់ខ្លួន និងស្ថាប័ននីមួយៗជាកត្តាសំខាន់ ។

លោកបានសង្កត់ធ្ងន់ថា បណ្តាស្ថាប័ន និងមន្ត្រីទាំងអស់ចងចាំថា តទៅនេះយើងមានទំនួលខុសត្រូវកាន់តែខ្ពស់ កាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាកម្មជូនបណ្តាជនគោលដៅឱ្យកាន់តែមានប្រសិទ្ធភាព ឱ្យពួកគាត់កាន់តែងាយទទួលបានសេវាផលប្រយោជន៍ និងកាន់តែទូលំទូលាយថែមទៀត ដើម្បី ឆ្លើយតបទៅនឹងក្តីរំពឹង និងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើដល់វិស័យសង្គមកិច្ចនៅកម្ពុជា។ នេះគឺជាការផ្តាំផ្ញើក្រើនរំឭករបស់លោក វង សូត នៅក្នុងពិធីប្រកាសផ្លាស់ប្តូររចនាសម្ព័ន្ធថ្មី នៃក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ។

រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំស្ថាប័នទាំងឡាយតោងតែយកចិត្តទុកដាក់បន្ថែមទៀតពិនិត្យមើលគ្រប់ជ្រុងជ្រោយ បើមន្ត្រីណាធ្វើការបានល្អ មានប្រសិទ្ធភាពក្នុងការបម្រើដល់ក្រុមជនគោលដៅ សូមរក្សាទុក និងលើកទឹកចិត្ត ចំពោះមន្ត្រីទាំងឡាយណា ដែលមិនសូវយកចិត្តទុកដាក់បម្រើក្រុមជនគោលដៅ សូមពិចារណាឡើងវិញតាមការណ៍គួរ។

សូមជម្រាបថា រចនាសម្ព័ន្ធថ្មីនេះ មានរំហដូចតទៅគឺ រដ្ឋមន្ត្រី ខុទ្ទកាល័យ-ទីប្រឹក្សា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គាំទ្រដោយអគ្គនាយកដ្ឋានចំនួន៤ និងអគ្គាធិការដ្ឋាន១។

ចំពោះអគ្គនាយកដ្ឋានទាំង ៤ រួមមាន៖

*ទី១៖ អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះចំនួន ៤ គឺ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នាយកដ្ឋានផែនការ ស្ថិតិ និងសរុប នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងនាយកដ្ឋានសហប្រិតបត្តិការ។
*ទី២៖ អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច ចំណុះទៅដោយនាយកដ្ឋានចំនួន ៣ គឺនាយកដ្ឋានអភិវឌ្ឍគោលនយោបាយ នាយកដ្ឋានពិនិត្យ តាមដាន និងគ្រប់គ្រងទិន្នន័យ នាយកដ្ឋាននីតិកម្ម និងដោះស្រាយវិវាទសង្គមកិច្ច។
*ទី៣៖ អគ្គនាយកដ្ឋានសេវាសង្គមកិច្ច ចំណុះទៅដោយនាយកដ្ឋានចំនួន ៤ គឺ នាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន នាយកដ្ឋានកិច្ចការពារកុមារ នាយកដ្ឋានកិច្ចការគ្រួសារ និងនាយកដ្ឋានគាំពារជនរងគ្រោះ។
*ទី៤៖ អគ្គនាយកដ្ឋានស្តារសម្បទា ចំណុះទៅដោយនាយកដ្ឋានចំនួន ៤ គឺនាយកដ្ឋានស្តារនីតិសម្បទា អនីតិជន នាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន នាកដ្ឋានសុខុមាលភាពជនពិការ និងមូលនិធិសង្គមកិច្ច។ ចំណែកអគ្គាធិការដ្ឋាន បន្ថែទៅដោយស្ថាប័នចំនួន ២ គឺនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង វិទ្យាស្ថាជាតិសង្គមកិច្ច គ្រឹះស្ថានសាធារណរដ្ឋបាលចំនួន ២ គឺមូលនិធិជាតិជំនួយសង្គម មូលនិធិជនពិការ និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ។ ជាមួយគ្នានេះ គេឃើញមានមន្ត្រីមួយចំនួនត្រូវបានតម្លើងឋានៈ ហើយក្នុងនោះមានទាំងប្រតិភូរាជរដ្ឋាភិបាលចំនួន៤រូប។

រដ្ឋមន្ត្រី វង សូត ក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដោយខ្លួនឯងផង នាំយកសមាជិកគ្រួសារផង និងអ្នកជុំវិញខ្លួនផង៕