(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ជនសង្ស័យម្នាក់ រួមនិងវត្ថុតាងមួយចំនួន ក្រោយបង្កហិង្សាដោយចេតនា លើជនរងគ្រោះកាលពីវេលាម៉ោង១៩៖៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្តុំផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ករណីហិង្សាដោយចេតនារួចមក កម្លាំងអាវុធហត្ថរបស់លោកបានឃាត់ខ្លួន ជនសង្ស័យឈោ្មះ ណា បូរ៉ា ហៅម៉ី អាយុ២៥ឆ្នាំ។

បើតាមលោក នួន នីណារ៉ូ ជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ជៀម ចំរើន អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បណ្តាលឲ្យរងរបួសចំទ្រូងខាងឆ្វេង ចំនួន០១កន្លែង និងចំខ្នងដៃខាងស្តាំ រហូតមានហូរឈាមច្រើនបណ្តាលឲ្យសន្លប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅវេលាម៉ោង ២០៖៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះ បានផឹកស្រាស្រវឹង មកអុកឡុកនៅកន្លែងរបស់ខ្លួននៅម្ដុំផ្សាររ៉ា ពេលនោះ គាត់បានយកស្បែកជើង និងកៅអីបម្រុងវាយខ្លួន តែបានគេចផុត។

ភ្លាមៗខ្លួនក៏ដកកូនកាំបិតពីក្នុងកាបូបដើម្បីគំរាមកុំឱ្យបុរសខាងលើ វាយមកលើរូបខ្លួនទៀត រហូតមានការប្រតាយប្រតប់គ្នា ទើបបណ្តាលឱ្យបុរសនោះរងរបួសដោយកាំបិតចំទ្រូង ហើយបុរសនោះស្រវ៉ាចាប់ទាញយកកាំបិត ពីដៃ បណ្តាលឱ្យម៉ុតដៃបុរសនោះបន្ថែមទៀត។

ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត៕