(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង ដោយមានការអញ្ជើញ ចូលរួមជាកិត្តិយសពីលោក ម៉ៅ វិបុល និងលោកស្រី អ៉ឹម សុភាព បានចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា ពិការភាព និងកូនខ្ចី ភូមិ៦ និងភូមិ៧ ដែលខ្វះខាតចំនួន៣០គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មានមតិសំណេះសំណាល នាឱកាសនោះ លោក ធឹម សំអាន បានលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។ ខណៈដែលអាកាសធាតុ បាននឹងកំពុងចុះត្រជាក់បណ្តើរៗហើយនោះ សូមបងប្អូន ពុក ម៉ែ អំ ពូ មីង ថែរក្សាសុខភាពជាចំបង។

ជាមួយគ្នានេះផងដែរ លោក ធឹម សំអាន ក៏បានគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានសម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះ សម្តេចទាំងទ្វេរ មិនបណ្តែតបណ្តោយ ទុកឲ្យពុកម៉ែ បងប្អូនណាម្នាក់ ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

លោក ធឹម សំអាន បានអំពាវនាវដល់បងប្អូនប្រជាជន ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ អញ្ជើញទៅចាក់ថ្នាំដូសទី៤ ឬដូសទី៥ ឲ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តន៍នូវវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានចែកជូនប្រជាជនក្រីក្រទាំង ៣០គ្រួសារ នាពេលនេះ គឺក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូ, មី១០កញ្ចប់, ទឹកស៉ីអ៉ីវ២ដប, ទឹកត្រី២ដប, ជែល២ដប, ស្ករស១កញ្ចប់៕