(ភ្នំពេញ)៖ តាមរយៈការគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក) មានរយៈពេលអនុវត្តចំនួន៦ឆ្នាំ និងបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃ អនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

គម្រោងមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។

គម្រោងនេះមានថវិកាសរុបមានចំនួន ៥៧,៥៨លានដុល្លារ ដែលក្នុងនោះមានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោកចំនួន ៥០,៦៦លានដុល្លារ ហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកលចំនួន ៤,៤២លានដុល្លារ និងបដិភាគពី រាជរដ្ឋាភិបាល ចំនួន ២,៥លានដុល្លារ។

ជាមួយនឹងការអនុវត្តគម្រោងនេះ គឺមានតំបន់ឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន ខេត្តសៀមរាប ដែលជាទីតាំងមួយក្នុងចំណោមទីតំបន់ផ្សេងៗទៀត ទទួលបានការយកចិត្តដាក់ ខណៈមានសហគមន៍ធម្មជាតិចំនួន២ ក្នុងចំណោមសហគមន៍ចំនួន៥ ដែលមានចំនួន៩ភូមិ បានទទួលផលប្រយោជន៍ពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»

តាមរយៈគម្រោងនេះ ធ្វើឱ្យសក្តានុពលពីតំបន់ប្រវត្តិសាស្រ្ត ក៏ដូចជាអេកូទេសចរណ៍ធម្មជាតិនេះ បានធ្វើឱ្យប្រជាសហគមន៍ជាច្រើននៅលើខ្នងភ្នំគូលែន ដែលកាលពីមុននេះអាស្រ័យពឹងពាក់លើធនធានធម្មជាតិដូចជាកាប់ព្រៃឈើ និងបរបាញ់សត្វបានងាកមក ថែរក្សានិងទាញប្រយោជន៍ពីធនធានធម្មជាតិទាំងនេះវិញ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ទៅកាន់ឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន និងបឹងទន្លេសាបចាប់ពីថ្ងៃទី២៨-៣០ ខែ មិថុនា ឆ្នាំ២០២២។ លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានថ្លែងថា សម្រាប់គម្រោងនេះនឹងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅ តំបន់ជុំវិញតំបន់ការពារ ធនធានធម្មជាតិមានជីវភាពល្អប្រសើរ ពិសេសនឹងធ្វើឱ្យពួកគាត់បញ្ឈប់មុខរបរចាស់ គឺការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វព្រៃ មកប្រកបមុខរបរនាំភ្ញៀវទេសចរទស្សនាព្រៃ និងសត្វព្រៃ ជាដើម។

បើលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា នៅឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននេះមានសហគមន៍ចំនួន៥ ដែលកំពុងទទួលផលប្រយោជន៍ពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»

លោកបានបន្តថា គម្រោងមួយនេះ គឺបានសិក្សាទៅលើផ្លូវតភ្ជាប់ ដែលមានទាំងក្នុងសហគមន៍ និងផ្លូវដើរព្រៃ។ក្រៅពីនេះគេកំពុងសិក្សាទៅលើផ្ទាំងដែនទេសភាព ដើម្បីកំណត់ថាតំបន់ណាដែលជាកន្លែងមាន សក្តានុពលសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឱ្យវិស័យឯកជនចូលមកវិនិយោគ ពិសេសគម្រោងអេកូទេសចរណ៍ខ្នាតតូច។

ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា៖ «តាមរយៈគម្រោងនេះយើងនឹងពិនិត្យមើលទៅលើទឹកស្អាត អនាម័យ។ ជាមួយគ្នាយើងនឹងគាំទ្រដល់សហគមន៍នានាដើម្បីរៀបចំអេកូទេសចរណ៍កម្រិតសហគមន៍ ដើម្បីសំដៅលើកស្ទួយជីវភាពគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត»

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ដូចជា «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ» ស្ថិតក្នុងភូមិអន្លង់ធំ «សហគមន៍ព្រៃធំពពេល» ដែលសហគមន៍ទាំងពីរនេះទទួលបានអនុវត្តគម្រោងគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា » ដោយទទួលបានប្រយោជន៍ដោយផ្ទាល់។ ចំណែកសហគមន៍បីទៀតគឺ «សហគមន៍ព្រៃភ្នំក្ដួច» «សហគមន៍ព្រៃភ្នំម្នាស់» និង «សហគមន៍ជប់តាសុខ» បូករួមនឹង «ចម្ការអភិរក្សដើមគ្រញូង» បានទទួលផលប្រយោជន៍ដោយប្រយោល។

លោក ផាន់ ផុន ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំ បានបញ្ជាក់ពីប្រជាពលរដ្ឋក្នុងសហគមន៍បានងាកមកចាប់អារម្មណ៍លើវិស័យទេសចរណ៍ថា៖ ពេលនេះពលរដ្ឋបានរួមគ្នាអភិរក្សធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃ តំបន់ប្រសាទដើម្បីបម្រើលើវិស័យទេសចរណ៍។ ពួកគាត់បានអាស្រ័យផលទៅលើវិស័យនេះដូចជា ការចិញ្ចឹសត្វ មាន់ទា ជ្រូក និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរណ៍។

លោកបានលើកឡើងដោយពន្យល់ថា៖ «ពេលនេះប្រជាសហគមន៍មួយចំនួនធំបានងាកមកចិញ្ចឹមមាន់ ជ្រូកកណ្តុរ និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរណ៍។ពេលខ្លះការចិញ្ចឹមរបស់គាត់មិនគ្រប់តម្រូវការរបស់ភ្ញៀវទេសចរណ៍នោះឡើយ»

ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំបានឱ្យដឹងបន្ថែមថា «ឥឡូវគាត់ការពារព្រៃដើម្បីរកចំណូលម្ដង ប្រែខុសពីមុន! ព្រោះពីមុន កាប់ព្រៃរកចំណូល ឥឡូវគាត់ការពារព្រៃ ដើម្បីរកចំណូលវិញ។

គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួនពីរគឺសហគមន៍ព្រៃធំពពេល និងសហគមន៍ព្រៃធំអន្លង់ធំនៅលើឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនដោយគម្រោងបានយកចិត្តទុកដាក់ពង្រឹងលើផ្នែកទេសចរណ៍ធម្មជាតិ មានទាំងកិច្ចការងារបដិសណ្ឋារកិច្ច ការនាំភ្ញៀវនិងការអភិរក្សជាដើម។ លើសពីនេះគម្រោងក៏ជួយឲ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយ:ការចិញ្វឹមសត្វជ្រូកកណ្តុរ ការចិញ្ចឹម មាន់ និងឃ្មុំព្រៃផងដែរ៕