(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងយាន ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា ០៩កក្កដា» ដែលរៀបចំឡើងនៅខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រយៈពេល២ឆ្នាំមកនេះ ដោយសារតែការរីករាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យកម្ពុជាអាក់ខាន ក្នុងការប្រារព្ធនូវ «ទិវាមច្ឆជាតិ ០១ កក្កដា» និង «រុក្ខទិវា ០៩ កក្កដា» ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារការគ្រប់គ្រងកូវីដ១៩ បានយ៉ាងល្អ កម្ពុជាអាចប្រារព្ធពិធីទាំង២នេះបានឡើងវិញ តាមគន្លងថ្មី។

ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាល នៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «នៅថ្ងៃទី៩ ខែកក្កដាខាងមុខនេះ ព្រះមហាក្សត្ររបស់យើង ព្រះអង្គនឹងយាងមកដាំកូនឈើ នៅខេត្តបាត់ដំបង»

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការលែងកូនត្រីមិនមែនធ្វើតែមួយថ្ងៃ នៅថ្ងៃ០១ កក្កដានោះទេ គឺលែងពេលណាក៏បាន ថ្ងៃណាក៏បាន ហើយការប្រារព្ធពិធី គឺគ្រាន់តែជានិមិត្តរូបអំពីយុទ្ធនាការនៃការលែងកូនត្រីប៉ុណ្ណោះ ដូចគ្នានឹងការដាំកូនឈើដែរ មិនមែនដាំត្រឹមតែថ្ងៃ០៩ ខែកក្កដា តែមួយថ្ងៃនោះទេ គឺអាចដាំរាល់ថ្ងៃ គ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន។

សូមជម្រាបថា បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕