(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានក្រើនរំឮកបន្ថែមឱ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តតាមវិធានការណែនាំនានា ជាពិសេសនាំគ្នាមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំរុញ ឬដូសទី៥ ឱ្យបានគ្រប់ៗគ្នា។

បន្ថែមពីនេះលោកវេជ្ជបណ្ឌិត បានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដ១៩ រយៈពេលប៉ុន្មានខែចាប់តាំងដើមឆ្នាំ២០២២នេះ សម្រាប់ខេត្តកោះកុង ពុំមានករណីឆ្លង ពុំមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្តថា ទោះបីជំងឺកូវីដ១៩ ពុំមានវិជ្ជាមានក្នុងខេត្តយើងមែនប៉ុន្តែមន្ត្រីសុខាភិបាល នៅតែបន្តធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំឱ្យបងប្អូនអនុវត្តន៍នៅវិធានការផ្សព្វផ្សាយអប់រំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច បើទោះបីស្ថានភាពជំងឺកូវីដមានការធូរស្រាលក៏ដោយចុះ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដូច្នេះសូមប្រជាពលរដ្ឋកម្ពុជា ត្រូវមានវិធានប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំឱ្យជំងឺកូវីដ១៩ ឆ្លងចូលក្នុងក្រុមគ្រួសារ និងឆ្លងចូលក្នុងសហគមន៍។ ដើម្បីសុវត្ថិភាពសុខភាព ប្រសិនបើបងប្អូនមានសុខភាពខុសពីប្រក្រតី ដោយសង្ស័យក្នុងខ្លួន សូមប្រញាប់អញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលំនៅដ្ឋាន ដើម្បីសាពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យ៕