(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ទោះបីជាជំងឺកូវីដ១៩ មានភាពធូរស្បើយក៏ដោយ ប៉ុន្តែក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនា នៅតែបន្តបេសកកម្មរបស់ខ្លួន ចុះជួយប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្ត ក្រុងជាបន្តបន្ទាប់ទៅមុខទៀត។

ការលើកឡើងបែបនេះ របស់ឧត្តមសេនីយ៍ឯក ស ថាវី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងក្រសួងការពារជាតិ។

បើយោងតាមរបាយការណ៍វឌ្ឍនភាពការងារចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន និងប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ បានសរុបចំនួន ១៩៦,៧៣៦ដូសទី១ គ្រប់ទីតាំងទាំងអស់ គិតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែដូសទី១ ដល់ទី៥ ការចាក់វ៉ាក់សាំងកូវីដ១៩ សរុបរួមបានចំនួន ៤១៤,១៣៤ដូស។ មានមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន៣តំបន់ បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យមកទល់ពេលនេះ។

ទីតាំងនៃការចាក់វ៉ាក់សាំងលើកទី១ មានដូចជា៖ សណ្ឋាគារកាំបូឌីយ៉ាណា អគារគណមេធាវីកម្ពុជា ខណ្ឌទាំង៧, សម្រាប់ទីតាំង នៃការចាក់វ៉ាក់ សាំងលើកទី២ គឺខណ្ឌសែនសុខ ចំណែកទីតាំងដែលកំពុងបន្តចាក់វ៉ាក់សាំងទី៣ គឺខណ្ឌជ្រោយចង្វារ និងស្រុកកោះធំ ខេត្តកណ្តាល។

បច្ចុប្បន្ននេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា បានកំពុងបន្តចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុង ខណ្ឌជ្រោយចង្វារ (៥ទីតាំង) និងស្រុកកោះធំ ខេត្តកណ្តាល (៥ទីតាំង) ដែលកំពុងបន្តចាក់វ៉ាក់សាំងយ៉ាងសកម្មជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាក្រុមគោលដៅ។

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា (មាន៥២ក្រុម និង១៥ក្រុម) ត្រៀមរួចរាល់ដើម្បីចូលរួមយុទ្ធនាការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវទូទាំងប្រទេស ក៏ដូចជាតាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស៕