(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលអភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាប្រធានកិត្តិយសអនុសាខា ព្រមទាំងសមាជិក សមាជិកាអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារ មកពីសង្កាត់ទាំង០៧ និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នាឱកាសនោះលោក ធឹម សំអាន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

លោកអភិបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ច ក្នុងគ្រាដែលពុក ម៉ែ បងប្អូនប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា។ ជាក់ស្តែងដូចជានៅពេលនេះ គឺសម្តេចទាំងទ្វេរ មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូនណាម្នាក់ ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ជាមួយគ្នានេះផងដែរ លោកធឹម សំអាន បានអំពាវនាវដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ អញ្ជើញទៅចាក់ថ្នាំដូសទី៤ ឬដូសទី៥ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ដើម្បីមានសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឱ្យដឹងថា អំណោយមនុស្សធម៌ដែលបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង ៨០គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម, មីចំនួន ១០កញ្ចប់, ស្ករស ១គីឡូ, ទឹកត្រី ២ដប, ទឹកសុីអ៉ីវ ២ដប, ជែល២ដប និងម៉ាស់១០ ផងដែរ៕