(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជា្រវ បានរៀបចំសិក្ខាសាលាស្ដីពី «ការចូលរួមរបស់និសិ្សត ក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា» ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីនិសិ្សត សាស្រ្តាចារ្យ ចំនួន១៥០នាក់ ដែលមកពីសាកលវិទ្យាល័យចំនួន១០ ក្នុងរាជធានីភ្នំពេញ។

វគ្គសិក្ខាសាលានេះ មានគោលបំណងផ្តល់នូវចំណេះដឹងអំពីដំណើរការចរចានិងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការពង្រឹងសមត្ថភាពស្រាវជ្រាវ ដើម្បីផ្ដល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវទាំងក្នុង និងក្រៅក្របខ័ណ្ឌក្រសួងពាណិជ្ជកម្មក្នុងការផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍ ចំណេះដឹង និងមតិយោបល់ ក្នុងការជំរុញវិស័យពាណិជកម្មនៅកម្ពុជា។

ជាក់ស្តែង វិទ្យាស្ថាន បានបង្កើតគម្រោងព្រឹត្តិបត្រស្រាវជ្រាវ «ព្រឹត្តិបត្រពាណិជ្ជកម្មអេឡិចត្រូនិក (iTrade Bulletin)» បានធ្វើការបោះផ្សាយព្រឹត្តិបត្រនេះ បានចំនួន៦ លេខរួចមកហើយ ចាប់ផ្តើមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមចែករំលែកការស្រាវជ្រាវ ពីសាស្ត្រាចារ្យទាំងក្នុង និងក្រៅស្រុក មន្ត្រីរាជការនៅក្នុង និងក្រៅក្រសួងពាណិជ្ជកម្ម លើប្រធានបទពាក់ព័ន្ធពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិមួយចំនួនព្រមទាំងបង្កើតផ្ទាំងរូបភាពសង្ខេបអំពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង e-commerce ជាដើម។

ក្នុងន័យនេះ វិទ្យាស្ថាន ដែលជាសេនាធិការរបស់ក្រសួង បាននិងកំពុងដើរតួនាទីស្នូលក្នុងការពង្រឹងកិច្ចការស្រាវជា្រវនិងបណ្ដុះបណ្ដាល ទាំងក្នុងក្របខ័ណ្ឌមន្ត្រីរាជការ បណ្ដាធុរជន និងបញ្ញាវន្តអ្នកស្រាវជ្រាវ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្នខ្ពស់។

សូមបញ្ជក់ផងដែរថា iTrade Bulletin គឺជាគម្រោងថ្មីមួយរបស់វិទ្យាស្ថាន ដែលធ្វើការប្រមូលផ្តុំ និងបោះពុម្ភផ្សាយនូវបណ្តុំអត្ថបទស្រាវជ្រាវសំខាន់ៗពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលធ្វើការបោះពុម្ភផ្សាយឈរលើគោលការណ៍គុណភាព ឯករាជ្យភាព និរន្តភាព និងភាពជាស្នាដៃដើម។

បន្ថែមពីនេះ គម្រោង iTrade Bulletin ជាឱកាសសម្រាប់និសិ្សតចូលរួមវគ្គបណ្តុះបណ្តាលស្រាវជ្រាវជាមួយវិទ្យាស្ថានក្នុងការយល់ដឹងពីរបៀបនៅក្នុងសិក្សាស្រាវជ្រាវ ការប្រមូលនិងវិភាគទិន្នន័យ ដើម្បីបង្កើត និងអនុវត្តគោលនយោបាយ សម្រាប់មន្រ្តីរាជការក្រសួង ពាណិជ្ជករ វិនិយោគិន និស្សិត និងសាធារណជនទូទៅ យកទៅប្រើប្រាស់ជាអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងអាជីវកម្ម ការសិក្សារបស់ខ្លួន និងលើកស្ទួយវិស័យពាណិជ្ជកម្មនៅកម្ពុជា។

លើសពីនេះ និស្សិត និងអ្នកសិក្សាស្រាវជ្រាវក៏អាចចែករំលែកជាអត្ថបទវិចារណកថា និងបទវិភាគ សម្រាប់ការបោះពុម្ភផ្សាយ ដោយផ្តល់ជាការលើកទឹកចិត្ត តាមរយៈការទទួលស្គាល់ស្នាដៃ ការពង្រឹងសមត្ថភាពស្រាវជ្រាវដល់និស្សិត ឱកាសការងារកម្មសិក្សា ព័ត៌មានអាហារូបករណ៍ និងការផ្តល់ជារង្វាន់នានា៕