(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ បងប្អូនជាសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជាមកពីក្រុងស្រុកទាំង៥ និងសាខាបក្សមន្ទីរប្រមាណ៧០០នាក់ បានមកជួបជុំគ្នា ដើម្បីប្រារព្ធធ្វើមិទ្ទិញអបអរសាទរ ខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅសាលសន្និសីទក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក គន់ គីម សមាជិកគណអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ព្រមទាំង លោកឧកញ៉ា លោកជំទាវ និងអស់លោក លោកស្រី ជាសមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលសមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង សង្កាត់ សាខាបក្សមន្ទីរចូលរួមយ៉ាងច្រើនកុះករផងដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត បានបញ្ជាក់ថា ការរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ចំពោះគណបក្សដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិមាតុភូមិ និងប្រជាជន។

លោកក៏បានគូសបញ្ជាក់ពីការពង្រឹង ពង្រីកនូវរចនាសម្ព័ន្ធខ្សែរយៈអង្គការចាត់តាំង និងកសាងសមាជិក គណបក្សខេត្តឧត្តរមានជ័យ ព្រមទាំងបានលើកឡើងពីការធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាព សុវត្ថិភាព ជូនសាធារណជនទូទៅ និងភ្ញៀវទេសចរជាតិ អន្តរជាតិ និងបង្កលក្ខណៈងាយស្រួលក្នុងការបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋមានលទ្ធភាពប្រកបធ្វើអាជីវកម្មបានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ មានភាពប្រសើរឡើងព្រមមានកិច្ចអភិវឌ្ឍន៍របស់ខេត្តលើគ្រប់វិស័យទៀតផង។

ក្នុងនោះលោក គន់ គីម ក៏បានអាននូវសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានខ្លឹមសារបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលដើមឡើយ ជាគណបក្សប្រជាជនបដិវត្តខ្មែរ បង្កើតឡើង ដើម្បីផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះមានអាយុកាល៧១ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជារំដោះជាតិឲ្យរួចផុតពីពួកអាណានិគមចក្រពត្តិ និយម និងបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។

លោកក៏បានគូសបញ្ជាក់ថា រយៈពេលជាង៤៣ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័។ ដើម្បីថែរក្សាការពាររាល់សមទ្ធិផល នៃសង្គមជាតិឲ្យបានគង់វង្ស និងដណ្តើមជោគជ័យធំៗក្នុងការកសាង អភិវឌ្ឍមាតុភូមិ និងលើកស្ទួយជីវភាពរបស់ប្រជាជន។

លោកក៏បានបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញអនុវត្តយុទ្ធសាស្ត្រចតុកោណឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រដែលបានកំណត់ ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងសាលិខិតក៏បានលើកពីប្រវត្តិនៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយ នៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្រនៅលើមាគ៌ានយោបាយ ដែលមានគោលដៅច្បាស់លាស់មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ។

ឆ្លងតាមជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពប្រជាជន និងបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត ។

លោកក៏បានធ្វើការអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបន្តចូលរួមសកម្មភាព ក្នុងការកសាងសមាជិកគណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់ សមត្ថភាពដឹកនាំរបស់បក្សឲ្យសម្រេចបានសមទ្ធិផលធំៗ ព្រមទាំងប្រជាពលរដ្ឋទាំងអស់រួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើគោលការណ៍គណបក្សច្បាប់រដ្ឋដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន៕