(ភ្នំពេញ)៖ ប្រទេសប៉ូឡូញ ផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer សម្រាប់កុមារ ១៤៤,០០០ដូស ដល់ប្រទេសកម្ពុជា។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងឃ្លាំងវ៉ាក់សាំង បង្ការជំងឺកូវីដ១៩នោះ បានឱ្យ Fresh News ដឹងថា វ៉ាក់សាំងជាជំនួយនេះ ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកស្រី យក់ សម្បត្តិ នឹងអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ប្រទេសប៉ូឡូញ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់។

បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ១៩។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។

បើតាមលោកស្រី យក់ សម្បត្តិ នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជានៅឡើយ។

ដោយការងារចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី០១ ខែកក្កដា កម្ពុជាចាក់បានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំឡើង ដល់ក្រោម ៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុពី ៦ឆ្នាំ ទៅ១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ បានជាង ១០០ភាគរយ និងអាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។

ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ៩លាននាក់, ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង ៣០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាបន្តផ្តល់ដូសជំរុញជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ដោយមិនគិតថ្លៃនោះឡើយ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញបន្តទៀត នៅពេលដល់់ពេលត្រូវចាក់ ដើម្បីបង្កើនប្រព័ន្ធភាពស៉ាំក្នុងរាងកាយការពារជំងឺកូវីដ១៩៕