(ភ្នំពេញ)៖ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់ទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាហើយ ក្រោយចំណាយពេលចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

អញ្ជើញអមដំណើរប្រេសិតពិសេស រួមមានលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ។

តាមរយៈ Facebook ផ្លូវការ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ទស្សនកិច្ចលើកនេះ លោកបានស្ទាប់ស្ទង់សភាពការណ៍ក្នុងស្រុកបានកាន់តែច្រើន ដោយផ្អែកលើការផ្លាស់ប្តូរយោបល់ជាមួយតួអង្គផ្សេងៗស្តីពីវឌ្ឍនភាព និងឧបសគ្គនានាជុំវិញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

លោកថ្លែងថា «ក្នុងរយៈពេលបួនថ្ងៃនេះ យើងបានផ្តោតសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចខិតខំគាំទ្រមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កត្តាទាំងនេះនឹងចូលរួមចំណែកដល់ការសម្រេចបាននូវគោលបំណងស្នូលនៃ «កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា» នៅភ្នំពេញ កាលពីដើមខែឧសភានេះ»

លោកបន្តថា «ខ្ញុំក៏បានបន្តជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងធ្វើការចរចារសម្របសម្រួលបន្ថែមទៀត ដោយសារនេះគឺជាមាគ៌ាជាក់ស្តែងបំផុតដើម្បីវិលទៅរកភាពប្រក្រតី ព្រមទាំងស្វែងរកនូវសន្តិភាព និងស្ថិរភាពយូរអង្វែង»

លោក ប្រាក់ សុខុន សង្ឃឹមថាលោកនឹងបានយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ និងប្រជាជនមីយ៉ាន់ម៉ា កាន់តែច្រើនជាងមុន ខណៈដែលថ្ងៃទី៤ ខែកក្កដា លោកត្រូវបន្តធ្វើដំណើរទៅកាន់ទីក្រុងបាកានដ៏អស្ចារ្យ ហើយក៏ជាតំបន់បេតិកភណ្ឌពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះ ប្រមុខការទូតកម្ពុជា បានធ្វើសកម្មភាពដូចខាងក្រោម៖

* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន, លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងនាមជាតំណាងរបស់ លោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន (SG-AHAC) ព្រមទាំងលោក ឆិន ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំមីយ៉ាន់ម៉ា បានចូលរួមក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិនជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

* នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស បានបន្តចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា។

* នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស បានជួបពិភាក្សាការងារជាមួយលោក វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។ កិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា (៣) ការតាមដានលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ ផងដែរ។

* នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC)។ កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ (១) វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) (២) ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងដំណើរអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន និង (៣) តួនាទីរបស់គណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់។

បន្ទាប់ពីជំនួបនេះ ប្រេសិតពិសេសនៃប្រធានអាស៊ាន អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស បានបន្តជួបជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធីដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស។ ឧបនាយករដ្ឋមន្រ្តីក៏បានឆ្លៀតឱកាសពន្យល់អំពីការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

* នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដោយលោក ឯកផាប់ ផាន់ថាវង្ស បានបន្ត ជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយចំនួន៧នៅមីយ៉ាន់ម៉ា។

ភាគីទាំងពីរបានពិភាក្សាយ៉ាងស៉ីជម្រៅលើបញ្ហាសំខាន់ជាច្រើនរួមទាំង៖ (១) ស្ថានភាពនយោបាយ និងមនុស្សធម៌ជាក់ស្តែង នៅតាមរដ្ឋ និងតំបន់ដែលគណបក្សនយោបាយនីមួយៗមានសកម្មភាពនយោបាយ (២) វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់គណបក្សនយោបាយទាំង០៧ នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) (៣) វិធីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ា និងការជំរុញដំណើរការសន្តិភាព និង (៤) តួនាទីរបស់ប្រេសិតពិសេសក្នុងការរួមចំណែកក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

* នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមទាំងភារៈធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ា។

កិច្ចពិភាក្សាបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយរួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា។

ការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស MLC លើកទី៧ របស់ប្រមុខការទូតកម្ពុជា តបតាមការអញ្ជើញរបស់លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕