មានអតីតបុគ្គលិកណាហ្គាវើលដ៏មួយចំនួនបន្ថែមទៀតបានសុខចិត្តដាក់ពាក្យសុំទទួលយកសំណងដើម្បីឈប់ពីការងារ ហើយទៅរកការងារថ្មី នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅល្ងាចថ្ងៃទី០២ កក្កដាឆ្នាំ ២០២២ ។

គិតរហូតមកទល់ពេលនេះ មានអតីតបុគ្គលិកណាហ្គាវើលដ៏ចំនួនជាង២០០នាក់ហើយ ក្នុងចំណោម ៣៧៣ នាក់ បានយល់ព្រមទទួលយកការទូរទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ បច្ចុប្បន្ន ចំនួនអ្នកមិនទាន់យល់ព្រមទទួលសំណងបញ្ចប់ការងារនៅសល់កាន់តែតិចទៅៗ ពោលគឺនៅសល់អតីតបុគ្គលិកតែជាង ១០០ នាក់ប៉ុណ្ណោះដែលនៅជឿតាមសកម្មជននយោបាយឈ្មោះ ឈឹម ស៊ីថរ ហើយនៅបន្តការតវ៉ាមិនសមហេតុផល ដោយបង្ខំឲ្យថៅកែទទួលយកពួកខ្លួនចូលធ្វើការវិញ។

អ្វីដែលជាឱកាសល្អកម្រមានសម្រាប់អតីតបុគ្គលិកណាហ្គាវើលដ៏ គឺក្រសួងការងារបានសន្យាថានឹងជួយសម្របសម្រួលដើម្បីរកការងារថ្មីឲ្យពួកគេធ្វើទៀតផង។ ឈប់ពីការងារចាស់ដោយទទួលបានកញ្ចប់ថវិកាតាមច្បាប់ការងារ ហើយមានក្រសួងជួយសម្របសម្រួលរកការងារថ្មីឲ្យធ្វើទៀត តើមានហេតុផលអ្វីដែលត្រូវនៅបន្តការតវ៉ាខុសទំនង មិនសមហេតុផលនិងខុសច្បាប់?

ប្រសិនបើគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នងទេនោះ ប្រាកដណាស់ថា ពួកគេច្បាស់ជាទទួលយកដំណោះស្រាយរបស់ក្រសួងការងារដោយគ្មានស្ទាក់ស្ទើរនោះឡើយ ពីព្រោះគ្មានដំណោះស្រាយណាល្អជាងនេះនោះទេ។

ក្រុមអ្នកតាមដានការតវ៉ារបស់អតីតបុគ្គលិកណាហ្គាវើលដ៏សុទ្ធតែមើលឃើញថា អ្នកដែលនៅបន្តការតវ៉ាមួយក្រុមនេះ ទំនងជាភាគច្រើនជឿតាមការអូសទាញរបស់ឈឹម ស៊ីថរ ដោយមិនដឹងខ្លួនថា កំពុងត្រូវបានគេយកធ្វើជាឈ្នាន់នយោបាយនោះឡើយ។ ឈឹម ស៊ីថរ ដែលមានការជួយជ្រោមជ្រែងទាំងថវិកានិងទាំងការរៀបចំសេណារីយូពីសំណាក់បរទេសនិងអ្នកនយោបាយប្រឆាំងជ្រុលនិយមនៅពីក្រោយខ្នង បានយកលេសសិទ្ធិការងារមកធ្វើជាដើមចមនៃការតវ៉ារបស់ខ្លួន។ ប៉ុន្តែ សកម្មជននយោបាយ ឈឹម ស៊ីថរ និងគូកនភ្លេចគិតថា ប្រជាពលរដ្ឋខ្មែរឥឡូវយល់ច្បាស់ណាស់អំពីសិទ្ធិការងារ គឺមិនមែនជឿតាមការអះអាងដោយបំភាន់របស់ពួកខ្លួនឡើយ។ សិទ្ធិការងារគឺមិនមែនជាសិទ្ធិចាប់បង្ខំឲ្យនិយោជកទទួលយកខ្លួនឲ្យចូលធ្វើការនោះទេ។ ដូច្នេះ ការតវ៉ាដែលគ្មានហេតុផលទាល់តែសោះបែបនេះ គឺពិតជាគ្មានលទ្ធផលល្អ នោះឡើយ។

ឥឡូវនេះ ឈឹម ស៊ីថរ ធ្វើជាអំពាវនាវឲ្យសប្បុរសជនបរិច្ខាគ ដើម្បីគាំទ្រដល់ការតវ៉ាខុសបែបបទនៃក្រុមរបស់ខ្លួន។ ការអំពាវនាវនេះគ្រាន់តែជាការសម្រក់ទឹកភ្នែកក្រពើឲ្យគេអាណិត និងជាលេសបិទបាំងលុយដែលខ្លួនទទួលពីប្រភពលាក់មុខដែលចាំបាច់ត្រូវបិទបាំង តែប៉ុណ្ណោះ។

សួរថា រយៈពេលជាច្រើនខែកន្លងមកនេះ តើក្រុម ឈឹម ស៊ីថរ បានលុយពីណាមកចិញ្ចឹមការរៀបចំចាត់តាំងបាតកម្មខុសច្បាប់របស់ខ្លួន បើមួយថ្ងៃៗមិនធ្វើការអីគិតតែធ្វើបាតុកម្ម? តើបានលុយពីណាមកទិញសម្ភារៈឈុតដូចៗគ្នា មកសំដែងល្ខោនតាមដងផ្លូវ? បើគ្មានលុយពីប្រភពសម្ងាត់ ជាពិសេសពីពួកចៅហ្វាយបរទេស ទេនោះ ពួកគេក៍មិនអាចធ្វើសកម្មភាពរបៀបនេះជាច្រើនខែបានឡើយ។

ការប្រើប្រាស់ល្បិច និងវិធីសាស្ត្រក្នុងការប្រមូលមនុស្សនិងធនធានសំរាប់ការធ្វើសកម្មភាព រឺបង្កើតនូវព្រឹត្តការណ៍ បែបអ្វីដែលក្រុម ឈឹម ស៊ីថរ បាននិងកំពុងធ្វើនេះ គឺគ្មានអ្វីស្ថិតនៅជាអាថកំបាំងបានយូរនោះឡើយ ហើយក៍ហាក់ដូចជានៅរាក់ខ្លាំងណាស់នៅក្នុងពិភពលោកក្នុងសម័យអាំងទ័រណែត និងអ៊នឡាញនេះ។

ហេតុដូច្នេះហើយបានជាអតីតបុគ្គលិកភាគច្រើនដែលយល់ពីល្បិចទុច្ចរិតនេះបានចាកចេញជាបន្តបន្ទាប់និងសឹងតែរាល់ថ្ងៃពីគំនាបរបស់ ឈឹម ស៊ីថរ ហើយពួកគេសុខចិត្តទទួលយកការទូរទាត់ប្រាក់បំណាច់ការងារដើម្បីបញ្ចប់កិច្ចសន្យា និងទៅរកការងារថ្មីដែលមានក្រសួងការងារចាំជួយសម្របសម្រួលរកការងារ
ថ្មីឲ្យធ្វើទៀត។

ត្រង់ចំណុចនេះ យើងអាចចោទជាសំណួរថា តើការតវ៉ាដែលអូសបន្លាយជាច្រើនខែមកនេះមានគោលបំណងអ្វី?
គ្រាន់តែឃើញសេណារីយោនៃការតវ៉ា គេក៍មិនបាច់ងឿងឆ្ងល់និងក៍អាចយល់បានដោយគ្មានមន្ទិលឡើយថា វាជាការតវ៉ាដែលមានអ្នករៀបចំឆាកពីក្រោយខ្នង។ ជាធម្មតា បើសិនជាបុគ្គលិកតវ៉ាដោយខ្លួនឯង គេមិនអាចរៀបចំជាឯកសណ្ឋានប្លែកៗ និងប្រើពណ៌ដូចៗគ្នាបែបនេះបានឡើយ ដូចជាការប្រើឆ័ត្រពណ៌លឿងទាំងអស់គ្នា ឬចងក្រណាត់ពណ៌ខៀវលើក្បាលទាំងអស់គ្នាជាដើម។ល។ សេណារីយោបែប នេះត្រូវបានគេស្គាល់មុខអ្នកនៅពីក្រោយខ្នងអស់ហើយ និងស្គាល់ពាសពេញពិភពលោកទៅហើយ។

ម្យ៉ាងទៀត ប្រសិនបើការតវ៉ាដើម្បីតែរក្សាការងារ និងចង់បានប្រាក់ខែចិញ្ចឹមគ្រួសារ ពួកគេត្រូវទទួលយកដំណោះស្រាយរបស់ក្រសួងការងារតាំងពីដើមទីបាត់ទៅហើយ ពីព្រោះលុយក៏បាន ការងារថ្មីក៏មាន។ តើមានហេតុផលអ្វីដែលត្រូវនៅអូសបន្លាយការតវ៉ាឥតន័យក្នុងរយៈពេលយូរបែបនេះ? គឺគ្មានហេតុផលណាមួយអាចពន្យល់បានឡើយក្រៅតែពីហេតុផលនយោបាយដែលបង្កប់នៅពីក្រោយខ្នង។

សរុបមកវិញ បងប្អូនអតីតបុគ្គលិកណាហ្គាវើលដ៏ណាដែលយល់ថាខ្លួនចាញ់បោកសកម្មជននយោបាយឈឹម ស៊ីថរ គួរតែប្រញាប់ស្នើសុំការទូរទាត់ប្រាក់បំណាច់ការងារហើយទៅរកការងារថ្មីដើម្បីកុំឲ្យខាតពេលវេលា ជាពិសេសការខូចមុខមាត់ក្រេឌីតនិងអនាគតរបស់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសារ ពោលគឺការចេញមុខតវ៉ាកាន់តែយូរ សង្គមនឹងស្គាល់មុខមាត់កាន់តែច្បាស់ ហើយគេក៍អាចទុកយើងអោយនៅក្នុងជំពូកមនុស្សក្រៅសង្គមដែរ។

ហេតុនេះ នៅពេលមានឱកាសល្អ បែបនេះ បងប្អូនអតីតបុគ្គលិកណាហ្កាវើលដ៏ មិនគួររង់ចាំយូរនោះឡើយពោលគឺបានទាំងប្រាក់ មានទាំងអ្នកចាំជួយរកការងារថ្មីឲ្យធ្វើ។ ផ្ទុយទៅវិញ បើនៅបន្តការតវ៉ាទៀត ប្រយ័ត្នដូចពាក្យបូរាណចាស់បានប្រៀនប្រដៅថា«ទន្សាយក៏រួចត្រីរ៉ស់ក៏រួច» ពោលគឺនៅទីបំផុត ប្រាក់ក៏មិនបាន រីឯការងារថ្មីក៏រកមិនបាន ពីព្រោះសូមកុំភ្លេចថា មិនថានៅប្រទេសណាក៍ដូចប្រទេសណាទេ គ្មាននិយោជកណា ទទួលយកបុគ្គលិកដែលពូកែតវ៉ាប្រឆាំងគ្មានហេតុផលឲ្យធ្វើការក្នុងក្រុមហ៊ុន សហគ្រាស រឺរោងចក្ររបស់ខ្លួននោះឡើយ៕
ដោយ : អ្នកនយោបាយតុកាហ្វេ