(ស្វាយរៀង)៖ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ខេត្តស្វាយរៀង នឹងមានព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ ជាពិសេសអបសាទរសមិទ្ធផលថ្មីច្រាំងទន្លេ វៃគោ ដែលប្រសិទ្ធនាមថា «ច្រាំងតាបុល» ជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកដើរកម្សាន្ត និងបានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀង ហាត់ប្រាណផងដែរ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា ខេត្តស្វាយរៀង នឹងមានព្រឹត្តិការណ៍ប្រណាំងទូកនៅទន្លេវៃគោ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីបង្កភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង បានទស្សនាកម្សាន្ត ហើយក្នុងនាមរដ្ឋបាលខេត្ត បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស ច្រាំងទន្លេវ៉ៃគោ ដែលជាកន្លែងទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្ត មកដើរលេងកម្សាន្ត និងហាត់ប្រាណជាដើម។

លោកបានបន្ដថា ថ្ងៃនេះលោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ «ទំនប់តាណេង-ច្រាំងតាបុល» បន្ថែមផ្នែកខាងជើង និងផ្នែកខាងត្បូង និងរៀបចំក្រាលការ៉ូឡា ផ្នែកខាងលិចសួនច្បារ ជាប់នឹងរបងវិទ្យាល័យស្វាយរៀង និងពិនិត្យការរៀបចំទីតាំងបន្ទប់ទឹកសាធារណៈ ជាពិសេសពន្លឿនការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធខាងលើឲ្យបានរួចរាល់មុនពិធីប្រណាំងទូក ក្នុងខេត្តស្វាយរៀងដែលនឹងប្រព្រឹត្តិទៅនៅចុងខែតុលា ខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានពិនិត្យមើលវឌ្ឍនភាពផ្សេងៗទៀត ដែលជាចក្ខុវិស័យ ក្នុងការកែលម្អ សោភ័ណភាពក្នុងក្រុងស្វាយរៀង ឲ្យកាន់តែល្អប្រសើរ និងទាក់ទាញបម្រើឲ្យទាំងផ្នែកទេសចរណ៍និងការប្រឡង ប្រណាំងទីក្រុងស្អាត ទៅថ្ងៃអនាគតផងដែរ។

សូមបញ្ជាក់ថា ក្នុងអាណត្តិដឹកនាំរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឲ្យប្រជាពលរដ្ឋ ធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធាបានមួយកម្រិត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕