(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាចុងសប្តាហ៍មុននេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលជួបលោកស្រី អោង សានស៊ូជី និងអតីតជំទាវធំមីយ៉ាន់ម៉ា នោះឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោក ប្រាក់ សុខុន បានធ្វើទស្សនកិច្ចលើកទី២ ទៅកាន់មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអមដំណើរដោយ លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ លោក វ៉ុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងអាស៊ាន។ លោក ប្រាក់ សុខុន បានរំលឹកឡើងវិញនូវសារទំនាក់ទំនងចំនួនពីរ ដែលធ្វើឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើឱ្យបញ្ជូនលោកស្រី អ៊ោង សានស៊ូជីត្រឡប់ទៅធ្វើការឃុំខ្លួន ក្នុងផ្ទះវិញ។

នៅក្នុងជំនួបនេះ ប្រេសិតពិសេស ថែមទាំងបានអំពាវនាវសាជាថ្មីឱ្យបញ្ឈប់អំពើហិង្សា និងបានស្នើឱ្យ SAC គាំទ្រការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងមិនលម្អៀងទៅកាន់តំបន់ដែលពិបាកទៅដល់ ស្នើឱ្យមានការដោះលែងអ្នកទោស និងរៀបចំឱ្យមានជំនួបជាមួយបុគ្គលដែលមិនមែនជា SAC មួយចំនួន រួមទាំងលោកស្រី អោង សានស៊ូជី និងលោកស្រី ស៊ូស៊ូល្វីន ដែលជាអតីតជំទាវធំ (First Lady) របស់មីយ៉ាន់ម៉ា។

សេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រេសិតពិសេស បានទទួលការជម្រាបជូនថា លោកស្រី ស៊ូស៊ូល្វីន មិនអាចជួបប្រេសិតពិសេសបានទេ ដោយសារតែស្ថានភាពសុខភាព ខណៈដែលករណីរបស់លោកស្រី អោង សានស៊ូជី កំពុងស្ថិតក្រោមនីតិវិធីតុលាការនៅឡើយ»។

សូមជម្រាបថា ដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរ ការសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។

មុនដំណើរទស្សនកិច្ចលើកទី២ នេះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើលិខិតជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ានូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរ លោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋសម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋាន ដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង៕