(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាល ខេត្តឧត្ដរមានជ័យ បានថ្លែងណែនាំដល់ក្រុមប្រឹក្សា សង្កាត់អូរស្មាច់និងសង្កាត់សំរោង ដែលទើបជាប់ឆ្នោតថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ពិសេសលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ និងសង្កាត់សំរោង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ។ នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងលើកឡើងថា ចាប់តាំងពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជា បានដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន ០៥លើករួចមកហើយ។

ការបោះឆ្នោតដើម្បីបង្កើតឡើងនូវក្រុម ប្រឹក្សានៅថ្នាក់ ឃុំ សង្កាត់ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា គឺ៖

១៖ ការពង្រឹង ពង្រីក ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន
២៖ ការនាំមកនូវ ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និង
៣៖ ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់ របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើក កម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។

លោក ប៉ែន កុសល្យ បានថ្លែងបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ ឃុំ សង្កាត់ មានសារៈសំខាន់ណាស់ ក្នុងការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

លោក ប៉ែន កុសល្យ ក៏បានជំរុញឲ្យអាជ្ញាធរសង្កាត់ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបង្កើន ការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ព្រមទាំងត្រូវខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបាន គ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សាធារណៈ និងសកម្មភាពសេដ្ឋកិច្ច សង្គមដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក្រុមប្រឹក្សាសង្កាត់ដែលទើបជាប់ឆ្នោតថ្មី ត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិន មានការរើសអើងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕