(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាស្ថាប័នរដ្ឋទាំងអស់ សូមខិតខំសន្សំសំចៃ លើការប្រើប្រាស់ថាមពលអគ្គិសនី ខណៈអគ្គិសនីកម្ពុជា បានឈានដល់ប្រវត្តិសាស្ត្រលើកដំបូងនៃខាត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើតាមការគណនា នៅឆ្នាំនេះ អគ្គិសនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ បណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែ និងការដាក់ទណ្ឌកម្ម ធ្វើឲ្យពិភពលោកជួបប្រទេសនូវវិបត្តិថាមពល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ទៀតថា ទោះបីរដ្ឋខាតបង់ថវិកាច្រើនក្តី ក៏រាជរដ្ឋាភិបាលមិនមានផែនការ ក្នុងការដំឡើងថ្លៃអគ្គិសនីនោះដែរ ខណៈដែលប្រទេសមួយចំនួន បានដំឡើងថ្លៃអគ្គិសនីម្តងជា ២ដងរួចមកហើយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ នាវិមានសន្តិភាព។

សម្តេ ចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ខិតខំសន្សំសំចៃលើការប្រើប្រាស់ភ្លើង ទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងបណ្តាស្ថាប័នរបស់ជាតិទាំងអស់ ខិតខំសន្សំសំចៃអគ្គិសនី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអគ្គិសនីកម្ពុជា ដែលចូលដល់ដំណាក់កាលនៃការខាតបង់ហើយ ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ ទៅលើប្រជាពលរដ្ឋទេ ម៉ោងនេះ ពេលនេះ ភ្លើងនឹងមានការឡើងថ្លៃ មួយជាពីរទៅហើយ។ ប្រទេសមួយចំនួនបានឡើងថ្លៃភ្លើងម្តង ២ដងរួចទៅហើយ ប៉ុន្តែសម្រាប់កម្ពុជាយើងមិនទាន់ បានដំឡើងថ្លៃភ្លើងទេ រោងចក្រសហគ្រាសមួយចំនួន ប្រឈមនឹងការខាតបង់ដោយសារការឡើងថ្លៃអគ្គិសនី ប៉ុន្តែរាជរដ្ឋាភិបាលត្រូវបំពេញខាត សព្វថ្ងៃនេះគឺខាត»

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា «នៅពេលមានកូវីដ១៩ ប្រេងចុះថ្លៃ ដល់ពេលកូវីដ១៩ចាប់ផ្តើមថមថយ សេដ្ឋកិច្ចស្តារឡើងវិញ ប្រេងក៏បានឡើងថ្លៃល្មមទេ ប៉ុន្តែសង្គ្រាមរុស្ស៉ី អ៊ុយក្រែន និងការដាក់ទណ្ឌកម្មទៅវិញទៅមក វិបត្តិថាមពលបានកើតពេញពិភពលោករួចស្រេចទៅហើយ [...] ឆ្នាំនេះចេះទេវតាជួយយើង នៅត្រង់ថាភ្លៀងច្រើន ទឹកចូលអាងវារីអគ្គិសនីយើងបានដើរ បូកជាមួយថាមពលពន្លឺព្រះអាទិត្យ យើងកាត់បន្ថយបានការខាតបង់មួយចំនួន ប៉ុន្តែប្រសិនបើវារីអគ្គិសនីរបស់យើងដើរមិនគ្រប់ ហើយត្រូវផលិតថាមពលពីធ្យូងថ្ម ពីប្រេងឥន្ធនៈ តម្លៃអគ្គិសនីឡើងកប់ពពក។ ខ្ញុំសូមអំពាវនាវគ្រប់ទីកន្លែងទាំងអស់ ឲ្យយកចិត្តទុកដាក់លើការសន្សំសំចៃភ្លើង ហើយចាប់ផ្តើមពីស្ថាប័នរដ្ឋ ដែលប្រើប្រាស់ដោយថវិកាជាតិ ព្រោះបីមិនអីចឹងទេ យើងនឹងទទួលការខាតបង់កាន់តែធំ ក្នុងឆ្នាំនេះ តាមការគិតយើងខាតប្រមាណជាង១០០លានដុល្លារ ដែលផ្តើមចេញពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនម្ខាង និងម្ខាងទៀតផ្តើមចេញពីដាក់ទណ្ឌកម្ម»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងមិនគាំទ្រឡើយ ចំពោះការកើតនៃសង្គ្រាម និងការទណ្ឌកម្មផ្សេងៗ ដែលនាំមកនូវការឈឺចាប់ សម្រាប់ទាំងអស់គ្នា។ តួយ៉ាងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានផ្តល់ការឈឺចាប់សម្រាប់ប្រជាជនខ្លួនឯងផង និងសម្រាប់ពិភពលោក នោះគឺវិបត្តិថាមពល ដោយសារការកើនឡើងនៃតម្លៃប្រេង ហើយនៅពេលខាងមុខអាចនឹងកើតឡើង នូវវិបត្តិស្បៀងអាហារថែមទៀតក៏អាចថាបាន៕