(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រលកនៃការឆ្លងជំងឺកូវីដ១៩ បានកម្រើកឡើងវិញ ដែលទាមទារឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារឡើងវិញ ហើយកំពុងដាក់ពិភពលោកនៅក្នុងស្ថានភាពមិនធម្មតា ខណៈបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប ត្រូវបានប្រកាសថាជារលកទី៧ និងមានចំនួនអ្នកឆ្លងជំងឺនេះរាប់ម៉ឺនាក់នៅក្នុងមួយថ្ងៃៗ។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាមួយទៀត ខ្ញុំគួរតែផ្តាំផ្ញើសម្រាប់ប្រជាពលរដ្ឋ កីឡាករ កីឡាការិនីរបស់យើង អីឡូវកូវីដ ហាក់ដូចជាងើបឡើងវិញ ហើយកំពុងដាក់ពិភពលោកនៅក្នុងស្ថានភាពមិនធម្មតា នៅអឺរ៉ុប បារាំង និងអ៉ីតាលី បានចាប់ផ្តើមប្រកាសថាជារលកទី៧ ដោយនៅអ៉ីតាលី មានអ្នកឆ្លងជាង១៣ម៉ឺននាក់ និងបារាំង១២ម៉ឺននាក់ ក្នុងមួយថ្ងៃ...! អញ្ចឹងទេ ស្ថានភាពនេះសម្រាប់កម្ពុជាយើងក្នុងប៉ុន្មានថ្ងៃជាប់គ្នា ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ អញ្ចឹងបញ្ហានេះ គឺទាមទារឱ្យប្រជាជនយើងធ្វើការប្រុងប្រយ័ត្នសារជាថ្មីម្តងទៀត ទៅលើបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប គឺមានករណីឆ្លងជំងឺកូវីដ១៩ រាប់ម៉ឺននាក់នៅក្នុងមួយថ្ងៃៗ ព្រមទាំងមានអ្នកស្លាប់ដោយដោយសារជំងឺនេះផងដែរ ខណៈមានបណ្តាប្រទេសអាស៊ានមួយចំនួន ក៏កំពុងតែបន្តជួបករណីឆ្លងរីករាលដាលនៃជំងឺកូកវីដ១៩នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវបន្ថែមដល់កីឡាករ កីឡាការិនីទាំងអស់ ដែលចេញទៅប្រកួតត្រូវរៀបចំខ្លួនឱ្យបានម៉ត់ចត់តាមវិធានការសុខាភិបាល និងវិធានការនានា ដើម្បីធានាថា គ្មានកីឡាករ កីឡាការិនីកម្ពុជា ណាម្នាក់ឆ្លងជំងឺកូវីស១៩ នៅពេលចេញទៅប្រកួតកីឡានៅប្រទេសឥណ្ឌូនេស៊ី ខាងមុខនេះ។

ជុំវិញការកម្រើកនៃរលកជំងឺកូវីដ១៩នេះ, សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឮកដល់ប្រជាពលរដ្ឋ សូមធ្វេសប្រហែសជាមួយនឹងជំងឺនេះឱ្យសោះ ដើម្បីចូលរួមធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យជំងឺនេះផ្ទុះឡើងវិញ ដូចពេលនោះឱ្យសោះ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៥២ថ្ងៃមក កាលថ្ងៃទី២៨ ខែមិថុនា ជំងឺកូវីដ១៩ បានផ្ទុះឡើងសាជាថ្មីដែលបង្កជាការព្រួយបារម្ភពីការឆ្លងរាលក្នុងសហគមន៍កម្ពុជា។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងស្នើដល់ប្រជាពលរដ្ឋថែរក្សាសុខភាព និងជំរុញដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ តាមការកំណត់រៀងខ្លួន។

គួរជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៥៦,៣០៩,៨៩៩នាក់, ព្យាបាលជាសះស្បើយចំនួន ៥៣០,៦៧៣,៧៩៩នាក់ និងស្លាប់ចំនួន៦,៣៦៤,៣៩២នាក់។

ដោយឡែយគិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.២លាននាក់ហើយ ក្នុងនោះអាស៊ាន ក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,១ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់។ វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខណៈកម្ពុជា មានចំនួនឆ្លងចំនួន ១៣៦,៣០១នាក់ (ស្លាប់ ៣,០៥៦នាក់) តិចជាងគេនៅក្នុងប្រទេសប្រទេសអាស៊ាន។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER៕