(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋនានាចូលរួមវិភាគទាន ដើម្បីបញ្ចប់បញ្ហាមីននៅកម្ពុជា ត្រឹមឆ្នាំ២០២៥។

ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ គ្រាដែល សម្តេចអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីការបើកកុងមូលនិធិជាមួយធនាគារ ABA ដើម្បីឱ្យពលរដ្ឋងាយស្រួលចូលរួមវិភាគទានតាមលទ្ធភាព។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់វ៉ៃផ្ដាច់ ព្រ័ត្រ ដើម្បីឱ្យបញ្ហាមីននៅកម្ពុជាត្រូវបានបញ្ចប់នៅឆ្នាំ២០២៥ ហើយដោយប្រើចលនាជាតិរបស់យើងដើម្បីបញ្ចប់វា»

សម្តេចបានរំលឹកថា ប្រតិបត្តិការដោះមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា គិតរហូតដល់ពេលនេះ មានរយៈពេល៣០ឆ្នាំហើយ ដោយការបង្កើតអង្គភាពដោះមីនស៊ីម៉ាក់ កើតឡើងតាំងពីជំនាន់អ៊ុនតាក់ និង FNC ឯនោះ។

ដើម្បីឱ្យការងារដោះមីនសម្រេចបានជោគជ័យតាមផែនការ សម្តេចតេជោ ក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមវិភាគទានបន្ថែមទៀត ដែលជាការបង្ហាញពីចលនាជាតិមួយ ដើម្បីសុវត្ថិភាពប្រជាជន គ្មានអ្នកស្លាប់ និងរបួសដោយសារមីន ហើយប្រជាពលរដ្ឋ នឹងបានទទួលដីធ្លីទៅបង្កបង្កើនផលដោយស្នាមញញឹម ផ្តល់នូវស្នាមញញឹមសម្រាប់ប្រជាជន បំបាត់នូវការភ័យខ្លាចទាំងអស់៕