(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរង ខេត្តក្រចេះ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសុពលភាពចូលកាន់មុខតំណែង ជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដោយ លោក ស្រី កុសល ប្រធានក្រុមប្រឹក្សា សង្កាត់រកាកណ្ដាល ក្រុងក្រចេះ បានជាប់ឆ្នោតក្នុងយុទ្ធការបោះឆ្នោត កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ។

ក្នុងកម្មពិធីនេះដែរ លោក ស្រី កុសល ប្រធានក្រុមប្រឹក្សាសង្កាត់ចាស់ ដែលលោកបានជាប់ឆ្នោតតសុពលភាព សម្រាប់អាណត្តិទី៥ (២០២២-២០២៧) បានធ្វើការប្តេជ្ញាចិត្តថា៖

*ទី១៖ ខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់ថ្នាក់ដឹកនាំ។
*ទី២៖ ពង្រឹងថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរក្រុមប្រឹក្សា មន្ត្រីសង្កាត់ មន្ត្រីភូមិ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត អោយបានល្អប្រសើរ។
*ទី៣៖ ជំរុញការអនុវត្តគោលនយោបាលភូមិ សង្កាត់ មានសុវត្តិភាព អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរក្សាសន្តិសុខ សុវត្តិភាព និង សុខដុមនីកម្ម ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត។
*ទី៤៖ ខិតខំប្រើប្រាស់ថវិកាវិភាជរបស់រាជរដ្ឋាភិបាល និងគៀងគរថវិកាបន្ថែមពីសប្បុរជននានា ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែរីកចម្រើនថែមទៀត។
*ទី៥៖ ជំរុញការផ្តល់សេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរឱ្យកាន់តែកៀកកិតនឹង ប្រជាពលរដ្ឋ ដើម្បីចូលរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
*និងទី៦៖ ខិតខំពង្រឹងយន្តការ ដោះស្រាយវីវាទក្រៅប្រព័ន្ធតុលាការ ដើម្បីទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងត្រៀមកម្លាំងអន្តរាគនម៍ សម្រាប់ការដោះស្រាយ គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកស្រី ខាំ សុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលសង្កាត់កន្លងមក បានខិតខំទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍ ដើម្បីគ្រប់គ្រងសភាពការណ៍ បានល្អប្រសើ ដោយគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត និងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាថ្មី ត្រូវបន្តអនុវត្តលិខិតបទដ្ឋាននានាជាធរមាន និងបន្តការងារដែលនៅសេសសល់ពីអាណត្តិមុន សម្រាប់អាណត្តិថ្មី រួមមាន៖

* ត្រូវរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាពសម្របសម្រួល គ្មានការបែងចែកនិន្នាការនយោបាយ ហើយបំរើប្រជាពលរដ្ឋឲ្យបានប្រសើរឡើង។
* បង្កើនទំនាក់ទំនងរវាងមន្ត្រីនិងមេឃុំ ឲ្យបានល្អនិងស្គាល់ពីសុខទុក្ខប្រជាពលរដ្ឋ។
* ដើម្បីលើកកម្ពស់ការចូលរួមបំពេញការងារជាក្រុមរបស់ក្រុមប្រឹក្សាទាំងអស់ តាមរយៈការដកពិសោធន៍ពីគ្នាទៅវិញ ទៅមក។
* ទាំងសមាជិកថ្មី និងចាស់ត្រូវឈរលើទស្សនៈមតិភាគច្រើន ហើយមតិភាគតិចត្រូវគោរពតាមការសម្រេចរបស់ មតិភាគច្រើន ហើយប្រធាននិងសមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋ ក្នុងការដោះស្រាយតម្រូវការ ផ្សេងៗដូចជា ស្ពាន ផ្លូវ លូ ជាពិសេស ត្រូវខិតខំលុបបំបាត់ល្បែងស៊ីសង និងបទល្មើសនានាដែលកើតមាន ក្នុងមូលដ្ឋានរបស់ខ្លួន៕