(ភ្នំពេញ)៖ លោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់ប៉ាស៊ីហ្វីកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) បានថ្លែងកោតសរសើរនូវភាពជាអ្នកដឹកនាំ របស់សម្ដេចតេនាយករដ្ឋមន្ដ្រីកម្ពុជា នៅក្នុងការដឹកនាំប្រទេសជាតិ និយាយជារួម បើនិយាយដោយឡែកក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការងារស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ការថ្លែងបែបនេះរបស់លោកបណ្ឌិត Takeshi kasai ក្នុងឱកាសអញ្ជើញទស្សនកិច្ច នៅសាលាបឋមសិក្សាទួលគោក និងជួបសំណេះសំណាលជាមួយសមាគមសេវាសុខាភិបាលឯកជន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ នាទីស្ដីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកបណ្ឌិត Takeshi kasai បានបញ្ជាក់ថា អង្គការសុខភាពពិភពលោកនឹងបន្ដការគាំទ្រកម្ពុជា ក្នុងការអនុវត្ដពង្រឹងប្រព័ន្ធសុខាភិបាល ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនឹងផ្ដោតសំខាន់លើការយកចិត្ដទុកដាក់គាំទ្របន្ថែមទៀត ក្នុងក្រមខណ្ឌអនុវត្ដការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ដែលកម្ពុជាកំពុងចាត់ចែងរៀចំផែនការដាក់អនុវត្ដនៅថ្ងៃខាងមុខនេះ ក្នុងរយៈពេលដ៏យូរអង្វែង។ នេះបើតាមការថ្លែងបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបន្ដថា លើសពីនោះ អង្គការសុខភាពពិពិភពលោក និងចូលរួមគាំទ្រកម្ពុជាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រេចបានមុនកាលកំណត់ ក្នុងឆ្នាំ២០២៥ ៕