(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំមួយជាមួយក្រុមការងារអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៥ និងមន្ត្រីជំនាញជាច្រើនរូប សរុបចំនួន ៥៧នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បន្តថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះ ដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែងខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ? តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បញ្ជាក់ថា ក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០ មុខមុនគេ រួមមាន៖ ស្រូវអង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់ កៅស៊ូធម្មជាតិ ម្នាស់ និងម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។

លោក ប៉ាន សូរស័ក្តិ រំលឹកថា ផែនការយុទ្ធសាស្ត្រនេះត្រូវបានចាប់ផ្ដើមរៀបចំនៅត្រីមាសទី៤ នៃឆ្នាំ២០២០ និងបានសម្រេចសេចក្តីព្រាងបឋមនៅឆ្នាំ២០២១ ដោយបានឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុង និងកិច្ចប្រជុំប្រមូលធាតុចូលពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧ លើក, កិច្ចប្រជុំជាមួយវិស័យឯកជនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ តាមប្រព័ន្ធវីដេអូ។ ក្នុងក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ កែសម្រួលឯកសារឱ្យស្របតាមស្មារតីអង្គប្រជុំ ជាពិសេសអនុសាសន៍របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ហើយក្រុមការងារបានបញ្ចប់ការកែសម្រួលចុងក្រោយបំផុតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី បានសំណូមពរឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់ធាតុចូលឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋានអាចបញ្ចប់ឯកសាររៀបចំផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ព្រោះថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

សូមជម្រាបជូនថា នៅក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពីលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីវឌ្ឍនភាពការងារជូនដល់អង្គប្រជុំ ដើម្បីផ្តល់ជាយោបល់ និងធាតុចូលសំខាន់ៗ ក្នុងការកែសម្រួលផែនការយុទ្ធសាស្ត្រនេះឱ្យកាន់តែល្អប្រសើ និងឈានដល់ការបញ្ចប់ឱ្យកាន់តែឆាប់ ផងដែរ៕