(កំពង់ចាម)៖ ក្នុងឱកាសប្រារព្ធរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅបរិវេណវត្តគគរ ស្ថិតក្នុងឃុំគគរ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើននៃព្រៃឈើ និងណែនាំឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ និងដាំដើមឈើក្នុងម្នាក់ឲ្យបាន១ដើមផងដែរ។

លោកអភិបាលខេត្ត បានថ្លែងថា «យើងទាំងអស់គ្នាបានជ្រាបហើយថា ពិធីទិវាដាំដើមឈើជាប្រពៃណីជាតិ វប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុសចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិតសលាញព្រៃឈើ និងបរិស្ថានធម្មជាតិ។ ក្នុងទិសដៅបន្តវេននូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចាត់តាំងប្រារព្ធពិធី នេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែកក្កដា។ ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល២ឆ្នាំ គឺឆ្នាំ២០២០-២០២១ ដោយសារស្ថានភាព នៃការឆ្លងរីករាលជាសាកលនៃជំងឺកូវីដ-១៩»

លោកអភិបាលខេត្ត បានយកឱកាសនោះ សូមអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះ ដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្មមូលដ្ឋាន ជាចលករយ៉ាងសំខាន់សម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ។

នៅតាមវត្តអារាម សាលារៀន សួនច្បារមានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តផងដែរ៕