(ភ្នំពេញ)៖ ដើមឈើ ដើមផ្កា ប្រមាណ ២០០ដើម ត្រូវបានដើមផ្កាសាគូរ៉ា ២០០ដើម ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ យកទៅដាំនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីព្រំប្រទល់ស្រុកកៀនស្វាយ-ខណ្ឌច្បារអំពៅ មកស្ពានច្បារព្រះមុនីវង្ស(ស្ពានច្បារអំពៅ)។ នេះតាមការលើកឡើងរបស់ លោក ចេង មុនីរ៉ា ខណៈលោកនាំដឹកនាំមន្ត្រី ចុះដាំដើមផ្កាសាគូរ៉ា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

ការដាំដើមផ្កាសាគូរ៉ា គឺជាប្រយោជន៍ដើម្បីជាគំរបបៃតងបង្កើនសោភណ្ឌភាពឲ្យកាន់តែស្រស់ស្អាត នៅតាមដងផ្លូវ ជាតិលេខ១នេះ ជួយលើកតម្កើងសម្រស់ដងផ្លូវ ឲ្យមានសម្រស់ស្រស់ស្អាត ក្នុងមូលដ្ឋានខណ្ឌ និងដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ខាងមុននេះ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវនេះ ចូលរួមដាំដើមផ្កានេះ និងចេះថែទាំស្រលាញ់ដើមឈើទាំងអស់គ្នា។

លោកអភិបាលខណ្ឌ បានឲ្យដឹងទៀតថា តាមការណែនាំរបស់អភិបាលរាជធានី លោក ឃួង ស្រេង ដើមឈើប្រមាណ ២០០ដើម ត្រូវបានធ្វើការដាក់ដាំនៅពេលនេះ ជាប្រភេទដើមផ្កាសាគូរ៉ា ជាប្រភេទដើមដែលមានផ្កាស្អាត និងជួយថែរក្សាបរិស្ថាននៅតំបន់នេះ ពិសេសឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត នៅតាមដងផ្លូវ ជាច្រកចេញចូលអន្តរជាតិផងដែរ និងជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ នៅលើភពផែនដី ជួយកម្ចាត់ជាតិពុលក្នុងខ្យល់។ លោកបន្ថែមថា ដើមឈើក៏បានផ្តល់ជាម្លប់ និងជួយកម្ចាត់ឧស្ម័នកាបូនិច ដែលបំពុលក្នុងខ្យល់ និងបង្កើនឧស្ម័នអុកស៉ីសែនផងដែរ៕